Alynana Media Cambodia
Icon Collap
clinic narit

វៀតណាមរំពឹងទាក់ទាញទុនវិនិយោគបរទេសបានពី៣៩ដល់៤០ពាន់លានដុល្លារនៅឆ្នាំនេះ

Media LNN | Oct 23, 2024
វៀតណាមរំពឹងទាក់ទាញទុនវិនិយោគបរទេសបានពី៣៩ដល់៤០ពាន់លានដុល្លារនៅឆ្នាំនេះ
Clinic narith

ទីភ្នាក់ងារវិនិយោគបរទេសនៃក្រសួងផែនការ និងវិនិយោគរបស់ប្រទេសវៀតណាម រំពឹងថា វៀតណាមនឹងទទួលបានទុនវិនិយោគផ្ទាល់ពីបរទេសចន្លោះពី៣៩ទៅ៤០ពាន់លានដុល្លារនៅឆ្នាំ២០២៤នេះ។ ការរំពឹងបែបនេះធ្វើឡើងក្រោយ ប្រទេសក្បែរខាងកម្ពុជា មួយនេះ ទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេសបានជិត២៥ពាន់លានដុល្លារក្នុងរយៈពេល៩ខែកន្លងមកនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។

ទិន្នន័យរបស់ទីភ្នាក់ងារវិនិយោគបរទេសនៃក្រសួងផែនការ និងវិនិយោគរបស់ប្រទេសវៀតណាម បានឱ្យដឹងថា នៅក្នុងរយៈពេល៩ខែឆ្នាំ២០២៤ ទុនវិនិយោគបរទេស ដែលបានចុះបញ្ជីមានរហូតដល់ទៅជិត២៥ពាន់លានដុល្លារ កើនឡើងជិត១២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ តាមរយៈលទ្ធផលដែលសម្រេចបាននេះ ធ្វើឱ្យស្ថាប័ននេះរំពឹងថា វៀតណាមនឹងអាចទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេសបានចន្លោះពី៣៩ទៅ៤០ពាន់លានដុល្លារនៅពេញមួយឆ្នាំ២០២៤នេះ។

ខេត្តបាក់និញ ខេត្តប៊ិញឌុង និងខេត្តដុងណៃ បានក្លាយជាខេត្តដែលមានភាពទាក់ទាញជាងគេសម្រាប់គម្រោងវិនិយោគបរទេសថ្មីៗនៅក្នុងខែកញ្ញា កន្លងទៅ បន្ទាប់ពីខេត្តទាំងនេះបានដាក់ចេញនូវផែនការអភិវឌ្ឍន៍ និងធ្វើសកម្មភាពជំរុញការវិនិយោគយ៉ាងខ្លាំងក្លា។ ជាការកត់សម្គាល់ គម្រោងធំៗដែលបានមកវិនិយោគនៅវៀតណាមនៅខែកញ្ញា រួមមានក្រុមហ៊ុន Amkor, ក្រុមហ៊ុន Luxcase, និងក្រុមហ៊ុន Advance Tire Vietnam ជាដើម។ តាមរយៈការវិនិយោគរបស់ក្រុមហ៊ុនទាំង៣នេះ វៀតណាមទទួលបានទុនវិនិយោគបរទេសសរុបដល់ទៅជាង៧ពាន់លានដុល្លារ។

ចាប់តាំងពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៤ វិស័យឧស្សាហកម្មថ្មីដែលបានចូលមកជួយបង្កើននិងពង្រីកទីផ្សារការងារនៅវៀតណាមរួមមានវិស័យផលិតបន្ទះឈីប ថាមពល គ្រឿងបន្លាស់រថយន្ត គ្រឿងអេឡិចត្រូនិក និងផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ជាច្រើនទៀត។

ក្រុមហ៊ុនបច្ចេកវិទ្យាធំៗដែលបានបណ្តាក់ទុននៅវៀតណាមរួមមានក្រុមហ៊ុន Innovate Vietnam, ក្រុមហ៊ុន NVIDIA, ក្រុមហ៊ុន Qualcomm, ក្រុមហ៊ុន Intel, ក្រុមហ៊ុន AMD, ក្រុមហ៊ុន Samsung និងក្រុមហ៊ុន Meta ជាដើម៕