យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ (២៤ តុលា) បានឱ្យដឹងថា គោលនយោបាយអាកាសធាតុបច្ចុប្បន្ននឹងបណ្តាលឱ្យមានការឡើងកម្ដៅផែនដីលើសពី ៣អង្សាសេ នៅចុងសតវត្សរ៍ ដែលជាតួលេខទ្វេរដងនៃកម្រិតកំណត់ ១,៥អង្សាសេ។
របាយការណ៍ប្រចាំឆ្នាំនៃការបំភាយឧស្ម័ន ដែលយកការសន្យារបស់ប្រទេសនានាក្នុងការទប់ទល់នឹងបម្រែបម្រួលលអាកាសធាតុធៀបនឹងអ្វីដែលត្រូវការនោះ បានរកឃើញថា ពិភពលោកប្រឈមនឹងការឡើងកម្ដៅរហូតដល់ ៣,១អង្សាសេ លើសពីកម្រិតមុនឧស្សាហកម្ម នៅត្រឹមឆ្នាំ២១០០ ប្រសិនបើរដ្ឋាភិបាលនានាមិនធ្វើសកម្មភាពបន្ទាន់កាន់តែខ្លាំងលើការកាត់បន្ថយការបំភាយកម្ដៅផែនដីទេនោះ។
ក្នុងឆ្នាំ២០១៥ រដ្ឋាភិបាលនានាទូទាំងពិភពលោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងកម្រិតកំណត់នៃការឡើងកម្ដៅត្រឹមសីតុណ្ហភាព ១,៥អង្សាសេ ដើម្បីការពារពីផលប៉ះពាល់ដ៏គ្រោះថ្នាក់។ សូមបញ្ជាក់ថា បច្ចុប្បន្នភពផែនដីឡើងកម្ដៅជាមធ្យមប្រហែល ១,៣អង្សាសេ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយនៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃព្រហស្បតិ៍ថា "បើបណ្ដាមេដឹកនាំបិទគម្លាតនៃការបំភាយឧស្ម័នដ៏គ្រោះថ្នាក់នេះទេ នោះភពផែនដីនឹងធ្លាក់ចូលទៅក្នុងគ្រោះមហន្តរាយអាកាសធាតុ"។
របាយការណ៍បង្ហាញថា ការបំភាយឧស្ម័នផ្ទះកញ្ចក់ជាសកល បានកើនឡើង ១,៣% ចន្លោះឆ្នាំ២០២២ និង២០២៣ ដល់កម្រិតខ្ពស់ថ្មី ៥៧,១ជីហ្គាតោន នៃឧស្ម័នកាបូនឌីអុកស៊ីត។ របាយការណ៍នេះណែនាំថា ប្រជាជាតិនានាត្រូវតែប្តេជ្ញាចិត្តរួមគ្នា និងអនុវត្តការកាត់បន្ថយចំនួន ៤២% លើការបំភាយឧស្ម័នផ្ទះកញ្ចក់ប្រចាំឆ្នាំ នៅឆ្នាំ២០៣០ និងឈានដល់ ៥៧% នៅឆ្នាំ២០៣៥ ដើម្បីទប់ស្កាត់ការឡើងកម្ដៅមធ្យមលើសពី ១,៥អង្សារសេ ដោយនោះជាគោលដៅមួយដែលគេមើលឃើញថាទំនងជាមិនអាចទៅដល់បានឡើយ៕