Alynana Media Cambodia
Icon Collap
clinic narit

ក្រុមហ៊ុន និងក្រុមអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យជាង៤០០ ត្រូវបានរកឃើញរកស៊ីដោយគ្មានច្បាប់អនុញ្ញាត

Media LNN | Oct 28, 2024
ក្រុមហ៊ុន និងក្រុមអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យជាង៤០០ ត្រូវបានរកឃើញរកស៊ីដោយគ្មានច្បាប់អនុញ្ញាត
Clinic narith

ថ្នាក់ដឹកនាំសមាគមអ្នកវាយតម្លៃ និងភ្នាក់អចលនវត្ថុកម្ពុជាបានអះអាងថា គិតមកទល់ពេលនេះសមាគមស្រាវជ្រាវរកឃើញក្រុមហ៊ុនអចលនទ្រព្យ និងក្រុមអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យជាង៤០០រកស៊ីដោយគ្មានច្បាប់អនុញ្ញាត និងវិជ្ជាជីវៈត្រឹមត្រូវ។

ការរកស៊ីដោយគ្មានអាជ្ញាបណ្ណ និងវិជ្ជាជីវៈត្រឹមត្រូវពីសំណាក់ក្រុមហ៊ុន និងក្រុមអ្នករកស៊ីទាំងនោះ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនមានច្បាប់អនុញ្ញាតត្រឹមត្រូវនោះទេ ថែមទាំងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តរបស់អតិថិជន និងការទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិ ឱ្យបោះទុនវិនិយោគក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាផងដែរ។

កត្តានេះ បានជំរុញឱ្យសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ចាប់ដៃគ្នាជាមួយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ដើម្បីបោសសម្អាតក្រុមហ៊ុន និងក្រុមអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យ ដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ សំដៅជួយស្ដារ និងជំរុញការអភិវឌ្ឍ​វិស័យអចលនទ្រព្យនៅកម្ពុជា។

លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានគូសបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនរកស៊ីក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា មានការលាយឡំគ្នារវាងក្រុមហ៊ុនរកស៊ី ដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវ និងក្រុមហ៊ុនរកស៊ី ដែលគ្មានច្បាប់អនុញ្ញាត និងវិជ្ជាជីវៈត្រឹមត្រូវ។ បើតាមការអះអាងរបស់ថ្នាក់ដឹកនាំរូបនេះ មកទល់ពេលនេះសមាគមសិក្សាស្រាវជ្រាវរកឃើញក្រុមហ៊ុន និងក្រុមអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យជាង៤០០ រកស៊ីដោយគ្មានច្បាប់អនុញ្ញាត និងវិជ្ជាជីវៈត្រឹមត្រូវ ហើយសមាគមនឹងបន្តសិក្សាស្រាវជ្រាវបន្ថែមទៀត។

​ជាមួយគ្នានេះ លោក សន សៀប ក្នុងនាមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុប្តេជ្ញាលុបបំបាត់ក្រុមហ៊ុនអចលនទ្រព្យ និងក្រុមអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យ ដែលគ្មានច្បាប់អនុញ្ញាត និងវិជ្ជាជីវៈត្រឹមត្រូវ ដើម្បីជួយអភិវឌ្ឍន៍វិស័យអចលនទ្រព្យ និងបង្កើនទំនុកចិត្តដល់វិនិយោគិនជាតិ និងអន្តរជាតិ ក្នុងការបោះទុនវិនិយោគក្នុងវិស័យនេះឱ្យកាន់តែច្រើនបន្ថែមទៀត។ លោកបានសង្កត់ធ្ងន់ថា សមាគមនឹងមិនអនុញ្ញាតឱ្យក្រុមហ៊ុន និងក្រុមអ្នករកស៊ី ដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវអាចបន្តធ្វើប្រតិបត្តិការ ដែលនាំឱ្យប៉ះពាល់ដល់ក្រុមហ៊ុន ដែលមានច្បាប់ត្រឹមត្រូវទៀតនោះទេ។

​ជាមួយគ្នានេះ​ ឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុន CPL បានគូសបញ្ជាក់ថា ការអនុញ្ញាតឱ្យក្រុមហ៊ុន ឬក្រុមអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យ ដែលគ្មានច្បាប់អនុញ្ញាត ឬវិជ្ជាជីវៈត្រឹមត្រូវអាចបន្តធ្វើប្រតិបត្តិការ វាមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ភាពប្រកួតប្រជែងរបស់ក្រុមហ៊ុនមានច្បាប់អនុញ្ញាតត្រឹមត្រូវប៉ុណ្ណោះទេ ថែមទាំងអាចធ្វើឱ្យប៉ះពាល់វិស័យអចលនទ្រព្យ និងមុខមាត់ប្រទេសជាតិ ទៀតផង។

​គួរបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានចុះអនុសារណៈនៃការយោគយល់គ្នាជាមួយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំស្តីពីកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹង និងជំរុញការចូលរួមក្នុងក្របខណ្ឌអាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុនៅកម្ពុជា សំដៅទាក់ទាញក្រុមហ៊ុន ឬក្រុមអ្នករកស៊ីផ្តល់សេវាកម្មវាយតម្លៃ និងទិញលក់អចលនវត្ថុ ដែលនៅក្រៅប្រព័ន្ធច្បាប់ឱ្យមកចូលរួមគោរពច្បាប់ទាំងអស់គ្នា។ គោលបំណងនៃការសហការគ្នានេះ គឺដើម្បីពង្រឹងការគោរពច្បាប់, ពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងពង្រឹងការការពារវិជ្ជាជីវៈ៕