Alynana Media Cambodia
Icon Collap
clinic narit

ក្រុមនិស្សិតចិន ចំណាយប្រាក់រាប់ពាន់ដុល្លារ ជាថ្នូរនឹងការទទួលបានឱកាសធ្វើកម្មសិក្សាការងារ

Media LNN | Nov 06, 2024
ក្រុមនិស្សិតចិន ចំណាយប្រាក់រាប់ពាន់ដុល្លារ ជាថ្នូរនឹងការទទួលបានឱកាសធ្វើកម្មសិក្សាការងារ
Clinic narith

ដោយសារប្រឈមមុខនឹងទីផ្សារការងារកាន់តែតានតឹង បានជំរុញឱ្យក្រុមនិស្សិតនៅប្រទេសចិន កំពុងចំណាយប្រាក់រាប់ពាន់ដុល្លារលើក្រុមឈ្មួញកណ្តាលដើម្បីទទួលបានឱកាសសម្រាប់ធ្វើកម្មសិក្សានៅក្នុងទីផ្សារការងារ ដែលមានការប្រកួតប្រជែងខ្ពស់ ដោយសង្ឃឹមថា នឹងទទួលបានការងារល្អក្រោយពីបញ្ចប់កម្មសិក្សា។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។

ការទទួលបានបទពិសោធកម្មសិក្សានៅក្នុងក្រុមហ៊ុនសាជីវកម្មធំណាមួយសម្រាប់រយៈពេល៣ខែ ឬច្រើនជាងនេះត្រូវបានចាត់ទុកថា ជាឱកាសដ៏សំខាន់មួយសម្រាប់ស្វែងរកការងារធ្វើ។ ប៉ុន្តែកម្មសិក្សាដ៏មានកិត្យានុភាពមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងដែលនាំឱ្យនិស្សិតចិនមួយចំនួនត្រូវចំណាយប្រាក់ឱ្យឈ្មួញកណ្តាលក្រៅផ្លូវការ ដើម្បីទទួលបានកន្លែងកម្មសិក្សាល្អៗ។

ប្រព័ន្ធផ្សព្វផ្សាយចិន កាលពីខែមិថុនា បានរាយការណ៍អំពីនិស្សិតចិនម្នាក់ បានចំណាយប្រាក់ចំនួន២៧០០ដុល្លារលើឈ្មួញកណ្តាលម្នាក់ជាថ្នូរនឹងការទទួលបានកន្លែងសម្រាប់ធ្វើកម្មសិក្សា។ ឈ្មួញកណ្តាលជាច្រើនបានធ្វើប្រតិបត្តិការស្រមោល ហើយការបោកប្រាស់ពាក់ព័ន្ធនឹងបញ្ហានេះ ក៏កំពុងកើនឡើងផងដែរ។ ជាក់ស្ដែងក្នុងករណីមួយ និស្សិតម្នាក់បានបង់ប្រាក់កក់៤០% រួចទៅហើយ ប៉ុន្តែស្រាប់តែឈ្មួញកណ្តាលបានដំឡើងថ្លៃសេវាថែមទៀត ហើយជាធម្មតានិស្សិតមិនអាចទទួលបានសំណងមកវិញឡើយនៅក្នុងករណីបែបនេះ។

និស្សិតហាត់ការងារមួយចំនួនក៏បានបញ្ចប់ជាមួយនឹងកម្មសិក្សាខុសពីអ្វីដែលពួកគេបានរំពឹងទុកពីដំបូង ឬក៏ត្រូវបានផ្តល់វិញ្ញាបនបត្រក្លែងក្លាយផងដែរ។ ប៉ុន្តែនិស្សិតហាត់ការទាំងនេះហាក់មិនខ្វល់អំពីហានិភ័យទាំងនេះបន្តិចឡើយ ហើយបើតាមការស្ទង់មតិមួយបានឱ្យដឹងថា និស្សិតប្រហែល៣០% បានបង់ប្រាក់ដើម្បីធ្វើកម្មសិក្សា៕