ធនាគារកណ្តាលវៀតណាម បានទម្លាយឱ្យដឹងថា ខ្លួនគ្រោងនឹងលក់ចេញប្រាក់ដុល្លារអាម៉េរិក ក្នុងចំនួនយ៉ាងច្រើន ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់។ ការប្រកាសនេះធ្វើឡើងនៅពេលដែលទីផ្សារនានាកំពុងរង់ចាំអ៊ុតមើលទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិក និងសេចក្តីថ្លែងការណ៍ពីធនាគារកណ្ដាលអាម៉េរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
លោកស្រី ង្វៀន ធី ហុង (Nguyen Thi Hong) ទេសាភិបាលធនាគារកណ្ដាលវៀតណាម បានថ្លែងទៅកាន់សភាវៀតណាមថា ទីផ្សារអត្រាប្តូរប្រាក់មានភាពប្រែប្រួលខ្លាំង បន្ទាប់ពីធនាគារកណ្ដាលអាម៉េរិកបានបញ្ចុះអត្រាការប្រាក់កាលពីសប្ដាហ៍មុនក្នុងរង្វង់០,២៥% ហើយបានទទួលស្គាល់ថា ការគ្រប់គ្រងទីផ្សារអត្រាប្ដូរប្រាក់ជាកិច្ចការដ៏លំបាក។ លោកស្រីលើកឡើងថា ធនាគារកណ្តាលវៀតណាម នឹងផ្តល់អាទិភាពជាចម្បងលើស្ថិរភាព និងការគ្រប់គ្រងអតិផរណា ប៉ុន្តែទន្ទឹមនេះក៏នឹងជួយគាំទ្រដល់គោលដៅរបស់រដ្ឋាភិបាលក្នុងការជំរុញកំណើនសេដ្ឋកិច្ចផងដែរ។
លោកស្រីបានបន្តថា ធនាគារកណ្ដាលវៀតណាម កំពុងបង្កើនការផ្ដល់ឥណទានសម្រាប់បណ្ដាគម្រោង ដែលសាងសង់ផ្ទះមានតម្លៃសមរម្យសម្រាប់ពលរដ្ឋមានប្រាក់ចំណូលទាប និងគាំទ្រដល់ឧស្សាហកម្មវារីវប្បកម្មផងដែរ។
ជាការពិតណាស់ កំណើនសេដ្ឋកិច្ចភាគច្រើនពឹងផ្អែកលើកំណើនឥណទានដ៏រឹងមាំ ប៉ុន្តែលោកស្រី ង្វៀន ធី ហុង (Nguyen Thi Hong) បានលើកឡើងថា ឥណទានមិនទាន់ទូទាត់សរុបគឺខ្ពស់ណាស់ទៅហើយ ពោលគឺស្មើនឹង១២០% នៃផលិតផលក្នុងស្រុកសរុប (GDP) ហើយថា វាមានហានិភ័យណាស់ក្នុងការបន្តពឹងផ្អែកលើវិធានការបន្ធូបន្ថយលក្ខខណ្ឌផ្ដល់ឥណទាន។ លោកស្រីបានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវលើកទឹកចិត្តឱ្យក្រុមហ៊ុននានាកៀរគរប្រមូលមូលនិធិតាមរយៈទីផ្សារមូលបត្របំណុលសាជីវកម្ម និងផ្សារហ៊ុន៕