Alynana Media Cambodia
Icon Collap
clinic narit

រដ្ឋាភិបាលចិន សម្រេចផ្តល់ជំនួយឥតសំណងដល់កម្ពុជាជាង ៤០លានដុល្លារ លើគម្រោងផ្លូវដែក

Admin Alynana | Feb 10, 2023
រដ្ឋាភិបាលចិន សម្រេចផ្តល់ជំនួយឥតសំណងដល់កម្ពុជាជាង ៤០លានដុល្លារ លើគម្រោងផ្លូវដែក
Clinic narith

រដ្ឋាភិបាលចិន សម្រេចផ្តល់ជំនួយឥតសំណងដល់កម្ពុជា ចំនួន៣០០លានយ័ន(ប្រមាណ៤៤លានដុល្លារអាម៉េរិក) សម្រាប់អនុវត្តគម្រោងផ្លូវដែក។ ជំនួយនេះត្រូវបានលើកឡើងដោយលោក ស៊ី ជិនពីង ប្រធានាធិបតីចិននៅចំពោះមុខសម្តេច ហ៊ុន សែន ក្នុងដំណើរទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីប៉េកាំង នាថ្ងៃទី១០កុម្ភៈនេះ។

ការចុះផ្សាយរបស់សម្តេច ហ៊ុន សែន លើទំព័រហ្វេសប៊ុក បានបញ្ជាក់ថា ជំនួយឥតសំណង៤៤លានដុល្លារដែលកម្ពុជាបានពីចិនចំពោះគម្រោងផ្លូវដែកនេះ គឺដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ 
 
ពាក់ព័ន្ធនឹងគម្រោងផ្លូវដែក កាលពីថ្ងៃទី១៣មករា ឆ្នាំ២០២៣ ប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន សែន បានជំរុញក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យពន្លឿនការសិក្សាលើគម្រោងធ្វើរថភ្លើងល្បឿនលឿនពីរាជធានីភ្នំពេញទៅព្រះសីហនុ និងពីភ្នំពេញ ទៅប៉ោយប៉ែត ជាប់ព្រំដែនប្រទេសថៃ។​ ការធ្វើទំនើបកម្មផ្លូវដែកទាំង២ខ្សែ គឺដើម្បីបម្រើឱ្យវិស័យដឹកជញ្ជូនកាន់តែសម្បូរបែប ជំរុញកំណើនសេដ្ឋកិច្ច-សង្គមកម្ពុជា ឱ្យកាន់តែរីកចម្រើន បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពប្រជាជន។​
 
កន្លងមក​ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ បានអះអាងថា កម្ពុជា មាននឹងមានផ្លូវដែកល្បឿនលឿនទាំងពីរខ្សែ​នេះ នាពេលខាងមុខ។​ លោក ស៊ុន ចាន់ថុល បានថ្លែងដូច្នេះ៖ «បច្ចុប្បន្ន រថភ្លើងអាចបើកក្នុងល្បឿន៨០គីឡូម៉ែត្រក្នុងមួយម៉ោង។ កន្លែងខ្លះ អាចបាន៥០ និង៣០គីឡូម៉ែត្រក្នុងមួយម៉ោង។ យឺតណាស់! អ៊ីចឹងយើងលើកផ្លូវដែកនេះ ឱ្យក្លាយជាផ្លូវដែកដូចឡាវ ដែលអាចរត់១៦០គីឡូម៉ែត្រក្នុងមួយម៉ោង»៕