(ចិន)៖ អាជ្ញាធរក្នុងតំបន់បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា មនុស្ស 46នាក់បានស្លាប់ដោយការរញ្ជួយដីកម្រិត 6.8រិចទ័រដែលបានវាយប្រហារតំបន់ Luding ក្នុងខេត្ត Sichuan ភាគនិរតីប្រទេសចិនកាលពីថ្ងៃចន្ទ។
លោក Wang Feng អនុប្រធាននាយកដ្ឋានគ្រប់គ្រងគ្រាអាសន្នខេត្ត Sichuan បាននិយាយថា គិតត្រឹមម៉ោង 20:30 ថ្ងៃចន្ទម៉ោងក្នុងតំបន់ មនុស្ស 16នាក់នៅតែបាត់ខ្លួន និងជាង 50នាក់បានរងរបួសបន្ទាប់ពីការរញ្ជួយដីបានបង្កឲ្យមានបំណាក់ដី និងធ្វើឲ្យរញ្ជួយអគារក្នុងរដ្ឋក្រុង Chengdu ជាទីក្រុងដែលមានពលរដ្ឋ ២១លាននាក់បានស្ថិតនៅក្រោមវិធានការបិទខ្ទប់ដោយសារជំងឺ Covid-19 រួចទៅហើយ។ ពលរដ្ឋក្នុងស្រុក Moxi តំបន់ Luding ខេត្ត Sichuan បានចំណាយពេលមួយយប់កាលពីថ្ងៃចន្ទស្ថិតនៅក្នុងតំបន់សុវត្ថិភាព បន្ទាប់ពីមានការរញ្ជួយដីកម្រិត 6.8រិចទ័រ ហើយក្រុមជួយសង្គ្រោះជាច្រើនក្រុមបានមកដល់ ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងតាំងទីលំនៅថ្មី។
តំបន់ Luding ជាចំណុចកណ្តាលនៃការរញ្ជួយដី គឺជាតំបន់ភ្នំដាច់ស្រយាលនៅភាគនិរតីក្រុង Chengdu នៃខេត្ត Sichuan។ ក្រុមអ្នកជួយសង្គ្រោះកំពុងជួយគ្នា ដើម្បីរៀបចំតង់សម្រាប់ការតាំងទីលំនៅថ្មីរបស់ពលរដ្ឋរងគ្រោះ និងតង់មួយចំនួនសម្រាប់ការងារបណ្ដោះអាសន្ន។ អ្នកស្ម័គ្រចិត្ដជាច្រើនក៏កំពុងធ្វើការនៅនឹងកន្លែង ដើម្បីជួយចែកចាយការផ្គត់ផ្គង់បណ្តោះអាសន្នរួមមានទាំងមីកញ្ចប់ និងទឹកដបដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់៕