អ៊ីស្រាអែល៖ នគរបាលអ៊ីស្រាអែលកាលពីថ្ងៃសុក្រ បានចាត់វិធានការទៅលើក្រុមអ្នកកាន់ទុក្ខនៅពិធីបុណ្យសពរបស់អ្នកសារព័ត៌មាន Al Jazeera លោកស្រី Shireen Abu Akleh ដោយបានវាយលើក្រុមបាតុករដោយដំបង និងបណ្តាលឱ្យអ្នកសែងមឈូសទម្លាក់មឈូសមួយភ្លែត។
ការបង្ក្រាបនេះបានធ្វើឡើង ក្នុងអំឡុងពេលការបង្ហាញដ៏កម្រនៃជាតិនិយមប៉ាឡេស្ទីន នៅភាគខាងកើតទីក្រុងហ្សេរុយសាឡឹម ជាផ្នែកនៃទីក្រុងបរិសុទ្ធដែលអ៊ីស្រាអែលបានដណ្តើមយកនៅឆ្នាំ១៩៦៧ ហើយប៉ាឡេស្ទីនបានអះអាងថាជារដ្ឋធានីរបស់ពួកគេ។ អ៊ីស្រាអែលនិយាយថា ទីក្រុងហ្សេរុយសាឡឹមខាងកើតគឺជាផ្នែកនៃរដ្ឋធានីរបស់ខ្លួន ហើយបានបញ្ចូលជាឧបសម្ព័ន្ធតំបន់នេះ នៅក្នុងសកម្មភាពមួយដែលគ្មានការទទួលស្គាល់ជាអន្តរជាតិ។ ប្រទេសអ៊ីស្រាអែលតែងតែរារាំងរាល់ការបង្ហាញពីការគាំទ្រចំពោះភាពជារដ្ឋប៉ាឡេស្ទីន។ អ្នកកាន់ទុក្ខរាប់ពាន់នាក់ដែលមួយចំនួនលើកទង់ជាតិប៉ាឡេស្ទីន និងស្រែកថា ប៉ាឡេស្ទីន ប៉ាឡេស្ទីន បានចូលរួមក្នុងពិធីបុណ្យសពលោកស្រី Abu Akleh ដែលសាក្សីនិយាយថា ត្រូវបានបាញ់សម្លាប់ដោយកងកម្លាំងអ៊ីស្រាអែលកាលពីដើមសប្តាហ៍នេះ ខណៈកំពុងរាយការណ៍ព័ត៌មានអំពីការវាយឆ្មក់របស់យោធានៅតំបន់ West Bank។
អ្នកកាន់ទុក្ខរាប់សិបនាក់បានព្យាយាមដើរដង្ហែជាមួយមឈូសដោយថ្មើរជើង ចេញពីមន្ទីរពេទ្យទៅកាន់ព្រះវិហារកាតូលិកមួយកន្លែងនៅទីក្រុង Old City ដែលនៅក្បែរនោះ។ នគរបាលនិយាយថា មនុស្សជាច្រើននៅមន្ទីរពេទ្យកំពុងស្រែកនូវអ្វីជាការញុះញង់ជាតិនិយម មិនអើពើចំពោះការអំពាវនាវឱ្យបញ្ឈប់ និងបានគប់ដុំថ្មមកលើនគរបាល។ នគរបាលនិយាយថា ពួកគេត្រូវបង្ខំចិត្តចាត់វិធានការ។ ទន្ទឹមនឹងនេះយោធាអ៊ីស្រាអែលបាននិយាយថា ការស៊ើបអង្កេតដំបូងរបស់ខ្លួនលើការស្លាប់របស់លោកស្រី Abu Akleh បានបង្ហាញថា មានការបាញ់ប្រហារកំពុងកើតឡើងនៅក្នុងទីក្រុង Jenin តំបន់West Bank ប្រហែល ២០០ម៉ែត្រពីកន្លែងដែលលោកស្រីត្រូវបានសម្លាប់ ប៉ុន្តែពួកគេមិនអាចកំណត់ថា តើលោកស្រីត្រូវបានបាញ់ដោយកងកម្លាំងអ៊ីស្រាអែល ឬក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននោះទេ៕