ធនាគារអភិវឌ្ឍអាស៊ី ហៅកាត់ ADB នៅចុងក្រោយនេះ បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៣ មកនៅត្រឹម ៥,៣% ប៉ុណ្ណោះ ខណៈដែលកាលពីមុនធ្លាប់ព្យាករថា នឹងមានកំណើន៥,៥%។ តើមានហេតុផលសំខាន់ៗអ្វីខ្លះ ជំរុញឲ្យស្ថាប័នអន្តរជាតិមួយនេះ ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា មកនៅអត្រាទាបជាការមុនយ៉ាងដូច្នេះ?
បើផ្អែកលើរបាយការណ៍ថ្មីចុងក្រោយ ដែលបានចេញផ្សាយនៅថ្ងៃទី ២០ ខែកញ្ញា របស់ធនាគារ ADB កត្តាធំដែលធ្វើឲ្យកំណើនសេដ្ឋកិច្ចកម្ពុជាថមថយល្បឿន គឺដោយសារតែការធ្លាក់ចុះយឺតជាងការំពឹងទុក នៃកំណើននៅក្នុងវិស័យឧស្សាហកម្មនៅក្នុងឆមាសទី១ឆ្នាំនេះ។ ទោះយ៉ាងណា ធនាគារ ADB នៅតែរក្សាការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងអត្រាខ្ពស់ដល់ ៦% នៅឆ្នាំ២០២៤ខាងមុខ។
ធនាគារអភិវឌ្ឍន៍អាស៊ី នៅថ្ងៃទី ១៩ ខែកញ្ញា បានបញ្ជាក់ថា ការនាំចេញផលិតផលកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលសម្រាប់ការធ្វើដំណើរ បានធ្លាក់ចុះ ១៨,៦% នៅក្នុងឆមាសទី១ឆ្នាំ២០២៣។ ប៉ុន្ដែ ការនាំចេញរបស់កម្ពុជា ក៏ត្រូវបានប៉ះប៉វមកវិញ ដោយកំណើនប្រមាណ ២៣% នៃការនាំចេញផលិតផលរោងចក្រមិនមែនកាត់ដេរ ដូចជា គ្រឿងម៉ាស៊ីន, បន្ទះសូឡា និងគ្រឿងសង្ហារឹមជាដើម។
នាយកធនាគារ ADB ប្រចាំប្រទេសកម្ពុជា លោកស្រី Jyotsana Varma បានលើកឡើងថា ទស្សនវិស័យនៃកំណើនល្អប្រសើរ នៅក្នុងបណ្ដាប្រទេស ដែលមានសេដ្ឋកិច្ចជឿនលឿនសំខាន់ៗ គួរតែជំរុញការនាំចេញរបស់កម្ពុជា សម្រាប់រយៈពេលដែលនៅសល់នៃឆ្នាំ២០២៣នេះ បើទោះបីជា កំណើនឧស្សាហកម្មនៅក្នុងស្រុកបានធ្លាក់ចុះនៅដើមឆ្នាំក៏ដោយចុះ។ លោកស្រី បន្ថែមថា វិស័យសេវាកម្ម គឺជាអ្នករួមចំណែកដ៏សំខាន់នៅក្នុងកំណើនសេដ្ឋកិច្ច ដោយវិស័យនេះ បានកើនឡើងលើសការរំពឹងទុក នៅឆមាសទី១ឆ្នាំនេះ ដែលមានការជំរុញជាចម្បងពីការងើបឡើងវិញនៃវិស័យទេសចរណ៍។
តាមរបាយការណ៍ពីធនាគារ ADB កំណើនក្នុងវិស័យសេវាកម្មនៅឆ្នាំ២០២៣ ត្រូវបានព្យាករថានឹងកើន ពីអត្រា ៧,៣% មកដល់ ៨% ។ ប៉ុន្ដែ សម្រាប់ ការព្យាករកំំណើនទិន្នផលឧស្សាហកម្មវិញ ត្រូវបានបន្ទាប់ពី ៥,៨% មកនៅត្រឹម ៤,៨% ខណៈកំណើននៅក្នុងវិស័យកសិកម្មត្រូវបានព្យាករថា នឹងកើនដល់អត្រា ១,១%។ របាយការណ៍ដដែលនេះ ក៏បានរក្សាការព្យាករអត្រាអតិផរណានៅឆ្នាំនេះ នៅក្នុងកម្រិត ៣% និងឆ្នាំក្រោយ៤%។ ជាមួយគ្នានោះ ការកែលម្អពាណិជ្ជកម្មទំនិញ និងទេសចរណ៍ឡើងវិញ គួរតែកាត់បន្ថយឱនភាពគណនីចរន្ដផងដែរ។
ពាក់ព័ន្ធនឹងកត្តាហានិភ័យវិញ នៅឆ្នាំនេះ សេដ្ឋកិច្ចកម្ពុជាកំពុងរងឥទ្ធិពល ពីការងើបឡើងវិញយឺតនៃសេដ្ឋកិច្ចនៅក្នុងបណ្ដាប្រទេសជឿនលឿន គួបផ្សំនឹងការទទួលបានភ្ញៀវទេសចរអន្តរជាតិ និងរំហូវិនិយោគផ្ទាល់ពីបរទេសមានក្នុងចំនួនទាបជាដើម។ មិនតែប៉ុណ្ណោះ ការរឹតបន្តឹងលក្ខខណ្ឌហិរញ្ញវត្ថុពិភពលោករយៈពេលវែង ការកើនឡើងតម្លៃថាមពល ក្តីបារម្ភលើបំណុលឯកជនខ្ពស់ និងស្ថិរភាពហិរញ្ញវត្ថុក្នុងស្រុក និងអាកាសធាតុកាន់តែធ្ងន់ធ្ងរដោយសារការប្រែប្រួលអាកាសធាតុ គឺជាកត្តាប្រឈមសម្រាប់កំណើនសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ៕