កម្ពុជាបានបន្ដខ្ចីលុយពីធនាគារអភិវឌ្ឍន៍អាស៊ី ADB ចំនួន១៤០លានដុល្លារអាមេរិកបន្ថែមទៀត ដើម្បីបន្តកម្មវិធីកែទម្រង់វិមជ្ឈការផ្ដល់សេវាសាធារណៈ និង ហិរញ្ញវត្ថុ និងកម្មវិធីបង្កើនអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាអនាគត។
កម្មវិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានបានធ្វើឡើងកាលពីម្សិលមិញនាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Jyotsana Varma នាយិកាADB ប្រចាំប្រទេសកម្ពុជា។
ផ្អែកតាមក្រសួងសេដ្ឋកិច្ចបញ្ជាក់ថា ទឹកប្រាក់ ៤០លានដុល្លារនេះ នឹងធ្វើកម្មវិធីកែទម្រង់វិមជ្ឈការសេវាសាធារណៈ ដោយការលើកកម្ពស់ប្រសិទ្ធភាពការងារមន្ដ្រីថ្នាក់ក្រោយជាតិ ដើម្បីឱ្យប្រជាពលរដ្ឋងាយស្រួលទទួលបានសេវាសាធារណៈ។ ក្នុងនោះមានដូចជា លើកកម្ពស់ការធ្វើផែនការនិងថវិកាថ្នាក់ក្រោមជាតិ ពង្រឹងការគ្របើគ្រងចំណូល និងចំណាយ និងពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ។
ចំណែកទឹកប្រាក់១០០លានទៀតក្រសួងបញ្ជាក់ថា នឹងធ្វើឱ្យប្រសើរឡើងនូវអត្រាមានការងារធ្វើនាពេលបច្ចុប្បន្ននិងទៅអនាគត តាមរយៈការធ្វើកំណែទម្រង់គោលនយោបាយ និងការវិនិយោគគម្រោង ដើម្បីពង្រឹងការអភិវឌ្ឍជំនាញ។ តែក្រសួងរំលេចថា កម្មវិធីនេះគ្រោងចំណាយថវិកាជាង១៣០លានដុល្លាឯណោះ។
គួរជម្រាបថា ក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានផ្ដល់ហិរញ្ញប្បទានសរុបចំនួន៤.៩ប៊ីលានដុល្លាររួចមកហើយ។ នេះបើតាមក្រសួងសេដ្ឋកិច្ចដដែល។ ប្រភពដដែរនេះធ្លាប់បានចេញរបាយការណ៍ដែលថាកម្ពុជាជំពាក់បុលបរទេសត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២៣ថា កម្ពុជាជំពាក់បំណុលបរទេសប្រមាណជាង១០,២៣ពាន់លានដុល្លារ មានទាំងទេ្វភាគី និងពហុភាគី។ ទ្វេភាគីសំដៅដល់បំណុលជាប្រទេសផ្សេងៗរួមមានចិន ជប៉ុន សាធារណរដ្ឋកូរ៉េ បារាំង និងទ្វេភាគីផ្សេងដទៃទៀត។ ចំណែកពហុភាគីមានធនាគារ ADB ធនគារពិភពលោក WB និងពហុភាគីផ្សេងៗទៀតដូចគ្នា៕