Alynana Media Cambodia
Icon Collap
clinic narit

​ចិន​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​ការបញ្ជាទិញ​យន្តហោះ​អ៊ែរបឺស (Airbus) របស់​អឺរ៉ុប​ចំនួន ១៤០ ​គ្រឿង

Admin Alynana | Nov 05, 2022
​ចិន​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​ការបញ្ជាទិញ​យន្តហោះ​អ៊ែរបឺស (Airbus) របស់​អឺរ៉ុប​ចំនួន ១៤០ ​គ្រឿង
Clinic narith

ទីភ្នាក់ងារ​ទិញ​យន្តហោះ​រដ្ឋ​របស់​ប្រទេស​ចិន​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​ការបញ្ជាទិញ​យន្តហោះ​អ៊ែរបឺស (Airbus) របស់​អឺរ៉ុប​ចំនួន ១៤០ ​គ្រឿងក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ១៧​ ពាន់​លាន​ដុល្លារ​នៅ​ថ្ងៃ​សុក្រ ទី​ ៤​ វិច្ឆិកា ឆ្នាំ​ ២០២២ ​។ នេះ​បើតាម​ក្រុមហ៊ុន​ទទួល​បន្ទុក​ផ្នែក​ផ្គត់ផ្គង់​អាកាសចរណ៍​ចិន (CAS) និយាយ​នៅក្នុង​របាយការណ៍​មួយ​។

ការចុះហត្ថលេខា​ជា​ផ្លូវការ​លើ​កិច្ចព្រមព្រៀង​ទិញ​-​លក់​នេះ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ ក្នុង​អំឡុងពេល​ទស្សន​កិច្ច​នៅ​ប្រទេស​ចិន​របស់​អធិការបតី​អាល្លឺម៉ង់​លោក អូឡាហ្វ ស្ហលស៍​។

ក្រុមហ៊ុន​ផលិត​យន្តហោះ​អឺរ៉ុប Airbus បាន​ឱ្យដឹងថា យន្តហោះ​ដែល​ចិន​កុម្មង់​ទិញ​ជា​ផ្លូវការ​ទាំងនេះ សុទ្ធតែ​ជា​យន្តហោះ​ដែល​ចិន​ធ្លាប់​បាន​សន្យាថា​នឹង​ទិញ​ពីមុនមក ដោយ​ខ្លះ​រួមមាន​នៅក្នុង​ការបញ្ជាទិញ​យន្តហោះ​ចំនួន ២៩២ ​គ្រឿង​ដែល​ត្រូវបាន​ប្រកាស​កាលពី​ប៉ុន្មាន​ខែ​មុន​។

កាលពី​ខែ​កក្កដា ក្រុមហ៊ុន​អាកាសចរណ៍​ធំៗ​ចំនួន ៣ ​របស់​ចិន បាន​សន្យាថា​នឹង​ទិញ​យន្តហោះ​អ៊ែរបឺស​សរុប​ទាំងអស់ ២៩២ ​គ្រឿង ដែលជា​ការបញ្ជាទិញ​ដ៏​ធំ​បំផុត​នៅពេល​នោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ចិន ចាប់តាំងពី​មាន​ជំងឺ​រាតត្បាត​កូវីដ​១៩​។

កិច្ចព្រមព្រៀង​ទិញ​កាលពី​ថ្ងៃ​សុក្រ​រួមមាន​យន្តហោះ​ស៊េរី A320 របស់​ក្រុមហ៊ុន​ផលិត​យន្តហោះ​អឺរ៉ុប​ចំនួន ១៣២ ​គ្រឿង និង​យន្តហោះ A350 ចំនួន ៨​ គ្រឿង​។

 

គួរ​ជ្រាបថា សេចក្តី​ប្រកាស​របស់​ចិន​ទិញ​យន្តហោះ Airbus របស់​អឺរ៉ុប ធ្វើឡើង​នា​ខណៈ​ដែល​ទីក្រុង​ប៉េកាំង​ចង់បង្ហាញ​ពី​សមិទ្ធផល​ជាក់ស្តែង​ដែល​លេចចេញ​ជា​រូបរាង​ក្នុង​អំឡុងពេល​លោក ឡាហ្វ ស្ហលស៍ បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​។ នេះ​គឺជា​ដំណើរ​ទស្សនកិច្ច​ដ៏ចម្រូងចម្រាស​មួយ ដែល​បាន​ជំរុញ​ឱ្យមាន​ការព្រួយបារម្ភ​នៅក្នុង​ប្រទេស​អាល្លឺម៉ង់ ថា​រដ្ឋាភិបាល​ក្រុង​ប៊ែរឡាំង នឹង​ផ្តល់​អាទិភាព​ដល់​ទំនាក់​ទំនង​សេដ្ឋកិច្ច​ជាមួយ​ទីក្រុង​ប៉េកាំង​ជា​ជាង​បញ្ហា​សន្តិសុខ និង​យុទ្ធសាស្ត្រ​។

ការសម្រេច​របស់​លោក ស្ហលស៍ ធ្វើ​ទស្សនកិច្ច​នៅ​ចិន​រយៈពេល​មួយថ្ងៃ​រង​ការរិះគន់​ជាច្រើន​នៅក្នុង​ប្រទេស​អាល្លឺម៉ង់​ផ្ទាល់​។ ប្រឈម​នឹង​រលក​រិះគន់​កាន់តែខ្លាំង​ឡើង មន្ត្រី​អាល្លឺម៉ង់​ម្នាក់​បាន​និយាយ​មុនពេល​ដំណើរ​ទស្សនកិច្ច​នេះ គ្មាន​កិច្ចព្រមព្រៀង​ណាមួយ​នឹង​ត្រូវបាន​ចុះហត្ថលេខា​ក្នុង​អំឡុងពេល​នោះឡើយ​។

ចំណែក​លោក​អធិការបតី​អាល្លឺម៉ង់​វិញ​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ទីក្រុង​ប៉េកាំង​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ថា លោក​បាន​ធ្វើ​យុទ្ធនាការ​សម្រាប់​ក្រុមហ៊ុន​អឺរ៉ុប និង​ចិន​ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​។ ក៏ប៉ុន្តែ លោក អូឡាហ្វ ស្ហលស៍ មិនបាន​និយាយ​អ្វី​សោះឡើយ​អំពី​កិច្ចព្រមព្រៀង​ទិញ​-​លក់ យន្តហោះ​រវាង​ក្រុមហ៊ុន​ចិន និង​ក្រុមហ៊ុន​អ៊ែរបឺស​អឺរ៉ុប​៕