សហព័ន្ធស្រូវអង្ករកម្ពុជា និង ក្រុមហ៊ុន អាលីបាបា (Alibaba) បានពិភាក្សាគ្នាក្នុងគោលបំណងផ្សព្វផ្សាយអង្ករកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។
កាលពីសប្តាហ៍មុន អនុប្រធាននៃសហព័ន្ធស្រូវអង្ករកម្ពុជាលោក យន់ ហុង និងសមាជិកសមាជិកា បានចូលរួមកិច្ចប្រជុំជាមួយកញ្ញា Jiali Pan ដែលជានាយកផ្នែកកិច្ចការសាធារណៈ និងលោក ឆាយ ម៉េង អ្នកគ្រប់គ្រងផ្នែកប្រតិបត្តិ នៃក្រុមហ៊ុនអាលីបាបា (Alibaba) ដើម្បីពិភាក្សាអំពីការនាំចេញ និងដាក់លក់អង្ករកម្ពុជានៅអាលីបាបា
និងទីផ្សារផ្សេងៗទៀតដែលពាក់ព័ន្ធទៅនឹងគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិចដ៏ល្បីរបស់ប្រទេសចិនមួយនេះ។លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាមានប្រសាសន៍ថា៖ « ពួកយើងនឹងធ្វើការរួមគ្នាដើម្បីផ្សព្វផ្សាយអង្ករកម្ពុជា និង ទាក់ទាញចូលក្នុងទីផ្សារប្រទេសចិន»។
លោកមានប្រសាសន៍បន្តថា អ្នកនាំចូលជនជាតិចិនមួយចំនួនបានលក់អង្ករកម្ពុជាតាមអុីនធឺណិត
រួចហើយនៅក្នុងប្រទេសចិន ហើយ CRF នឹងធ្វើការពិភាក្សាជាមួយដៃគូនាំចូលលើយុទ្ធសាស្ត្រនេះ។
សហព័ន្ធស្រូវអង្ករកម្ពុជាបានដឹងកាលពីពេលថ្មីៗនេះថា កម្ពុជាបាននាំចេញអង្ករចំនួនជិត ១២ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២៣ដោយទទួលបានប្រាក់ចំណូលចំនួនជាង ៧៧លានដុល្លារអាម៉េរិក។
សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងទៀតថា ថា៖«ប្រទេសចិនគឺនៅតែជាទីផ្សារនាំចេញ ដ៏សំខាន់សម្រាប់អង្ករកម្ពុជាដែលបានតំណាងឱ្យ ជាង៤២ភាគរយនៃបរិមាណនាំចេញអង្ករសរុបរបស់កម្ពុជាក្នុងអំឡុងពីខែមករាដល់ខែឧសភា ឆ្នាំ ២០២៣»។
យោងតាម CRF បានឲ្យដឹងទៀតថា សហព័ន្ធ នឹងជំរុញផលិតកម្មស្រូវ និងនាំចេញអង្ករ ដោយកំណត់យកគោលដៅនាំចេញអង្ករចំនួន៧៥ម៉ឺនតោន ក្នុងឆ្នាំ២០២៣ និងឈានដល់
១លានតោនក្នុងឆ្នាំ២០២៥។
ក្នុងផែនការនោះ សហព័ន្ឋនឹងពង្រីកទីផ្សារបន្ថែមទៅកាន់ប្រទេសចិន ឱ្យបានច្រើនជាង៤០ម៉ឺនតោនផងដែរ សម្រាប់ឆ្នាំ២០២៣នេះ។
ក្រៅតែពីប្រទេសចិន ប្រទេសនៅក្នុងទ្វីបអឺរ៉ុបចំនួន ២៥ប្រទេស តំណាងឱ្យ ៣៧,៩៣ភាគរយនៃការនាំចេញអង្ករកម្ពុជា ។ ដោយឡែក ប្រទេសអាស៊ានចំនួន៤ ដែលស្មើនឹង ៧.៨៦%នៃការនាំចេញ ក្នុងនោះមានប្រទេសហ្វីលីពីនជាទីផ្សារទើបនាំចេញក្នុងបរិមាណធំលើកទី១ចំនួន
២៥៧៥ តោន ក្រៅពីនេះទីផ្សារផ្សេងៗ ចំនួន២០ គោលដៅស្មើនឹង ១០.៧៨%។
ប្រភេទអង្ករដែលកម្ពុជានាំចេញមាន អង្ករក្រអូបគ្រប់ប្រភេទចំនួន ៨៣,៤៩ភាគរយ អង្ករសជិត១១ភាគរយ អង្ករចំហុយ៣,៧១ភាគរយ និងអង្ករសរីរាង្គចំនួន ១,៩៣ភាគរយផងដែរ៕