ទីក្រុង CAPE TOWN ប្រទេសអាហ្វ្រិកខាងត្បូង ទីតាំងមួយកន្លែងនៅក្នុងទីក្រុង Cape Town ប្រទេសអាហ្វ្រិកខាងត្បូង ដែលគេស្គាល់ថា River Club ដែលមានទីលានវាយកូនគោលចាស់រេចរឹល កន្លែងហ្វឹកហាត់វាយកូនគោល និងអាគារសន្និសីទមួយកន្លែង ឥឡូវនេះបានក្លាយជាទីតាំងសម្រាប់ការសាងសង់អាគារទីស្នាក់ការរបស់ក្រុមហ៊ុន Amazon ដែលកំពុងដំណើរការយ៉ាងលឿន។
សេចក្តីសម្រេចរបស់តុលាការកាលពីដើមខែវិច្ឆិកា ដែលបានដកចេញនូវបទបញ្ជាមួយដែលបានរារាំងជាបណ្ដោះអាសន្នមិនឱ្យមានការសាងសង់ជាបន្តនូវទីស្នាក់ការរបស់ក្រុមហ៊ុន Amazon នេះ ត្រូវបានសាទរដោយក្រុមហ៊ុនសំណង់ Liesbeek Leisure Properties Trust។
ក្រុមហ៊ុននេះអះអាងថា ការអភិវឌ្ឍលក្ខណៈចម្រុះដែលមានក្រុមហ៊ុន Amazon ជាភាគីជួលចម្បងនឹងបង្កើតការងារដែលត្រូវការចាំបាច់បំផុតចំនួនប្រមាណ ១៩.០០០ ការងារ។
លោក James Tannenberger ដែលជាអ្នកនាំពាក្យក្រុមហ៊ុន Liesbeek Leisure Properties Trust បាននិយាយថា៖ «ក្រុមហ៊ុន Liesbeek Leisure Properties Trust ស្វាគមន៍សេចក្តីសម្រេចរបស់តុលាការ ដែលនេះគឺជាជ័យជម្នះមួយសម្រាប់ពលរដ្ឋទាំងអស់នៅក្នុងទីក្រុង Cape Town ដែលពួកគេនឹងទទួលបានផលប្រយោជន៍ពីគម្រោងតម្លៃ ៤.៦០០ លានរ៉ង់នេះ។ សេចក្តីសម្រេចនេះបានបញ្ជូនសារយ៉ាងច្បាស់ទៅកាន់អ្នកដែលព្យាយាមបញ្ឈប់គម្រោងអភិវឌ្ឍន៍នេះ ដែលមិនបានគិតពិចារណាអំពីការអភិវឌ្ឍសង្គមនៃសហគមន៍ដែលនៅជុំវិញ»។
ទំហំទឹកប្រាក់ ៤.៦០០ លានរ៉ង់នេះគឺស្មើនឹងប្រមាណ ២៦៦ លានដុល្លារអាមេរិក។ គេមិនឃើញមានការបរិយាយណាមួយពីក្រុមហ៊ុន Amazon ពាក់ព័ន្ធនឹងរឿងចម្រូងចម្រាសនេះទេ។
ក្រុមសកម្មជនដែលបានទទួលបទបញ្ជានេះពីតុលាការគឺសមាគមពលរដ្ឋក្រុង Observatory (Observatory Civic Association) ដែលតំណាងឱ្យពលរដ្ឋមួយចំនួននៃក្រុង Observatory នៅជាយក្រុង Cape Town ដែលជាទីតាំងរបស់គម្រោងសាងសង់អាគារទីស្នាក់ការក្រុមហ៊ុន Amazon នេះ។
ក្រុមសកម្មជននេះបានជួបជាមួយនឹងក្រុមមេធាវីកាលពីថ្ងៃទី ១៥ ខែវិច្ឆិកាកន្លងទៅនេះដើម្បីត្រៀមវិធានការបន្ទាន់។
លោក Tauriq Jenkins សមាជិកក្រុមប្រឹក្សានៃកុលសម្ព័ន្ធ Goringhaicona Khoi Khoi បាននិយាយថា ការតស៊ូទាមទារនៅមិនទាន់ចប់នៅឡើយទេ។
ពួកគេអះអាងថា ទីតាំងគម្រោងសាងសង់នេះគួរតែត្រូវបានប្រកាសថាជាបេតិកភណ្ឌពិភពលោក ដោយសារតែវាជាទីតាំងនៃការប្រយុទ្ធគ្នាដំបូងរវាងជនជាតិអាហ្រ្វិកខាងត្បូងនិងពួកអាណានិគមអឺរ៉ុបកាលពីឆ្នាំ ១៥១០។
នៅពេលនោះ កងកម្លាំងរបស់កុលសម្ព័ន្ធ Khoi Khoi បានយកឈ្នះលើជនជាតិព័រទុយហ្គាល់ឈ្លានពាន ដែលបានសម្លាប់ស្រ្តីនិងកុមារមួយចំនួននៅក្នុងកុលសម្ព័ន្ធនេះ។ កុលសម្ព័ន្ធនេះបានហៅកន្លែងនេះថាជា «កន្លែងប្រយុទ្ធដំបូង»។
ក្រុមសកម្មជនក៏ព្រួយបារម្ភអំពីបរិស្ថានផងដែរ ដោយសារតែទីតាំងនេះជាកន្លែងប្រសព្វគ្នារវាងទន្លេពីរគឺទន្លេ Liesbeek និងទន្លេ Black។
បទបញ្ជាតុលាការដែលផ្ដល់ការគាំទ្រដល់ពួកគេកាលពីខែមីនាត្រូវបានចាត់ទុកជាមោឃៈវិញកាលពីថ្ងៃទី ៨ ខែវិច្ឆិកា បន្ទាប់ពីតុលាការទទួលបានដំណឹងពីសមាជិកដទៃទៀតនៃកុលសម្ព័ន្ធរបស់លោក Jenkins ថា លោក Jenkins មិនមានអំណាចណាមួយនៅក្នុងការតំណាងឱ្យពួកគេនោះទេ និងថាកុលសម្ព័ន្ធ Goringhaicona តាមពិតទៅគឺយល់ស្របជាមួយនឹងគម្រោងអភិវឌ្ឍន៍នេះ។
ករណីនេះមានន័យថា ពួកគេចូលរួមជាមួយនឹងក្រុមមួយដែលមានឈ្មោះថា First Nations Collective ដែលក្រុមនេះបានបញ្ជាក់ថា ខ្លួនតំណាងឱ្យកុលសម្ព័ន្ធ Khoisan មួយភាគធំនិងបានគាំទ្រគម្រោងអភិវឌ្ឍន៍នេះកន្លងមក។
លោក Leslie London ដែលជាសាស្រ្តាចារ្យនៃសាកលវិទ្យាល័យ Cape Town (University of Cape Town) និងជាប្រធានសមាគមពលរដ្ឋក្រុង Observatory បាននិយាយថា លោកជឿថា លោក Jenkins ត្រូវបានផ្ចាញ់ដោយសមាជិកដទៃទៀតនៃកុលសម្ព័ន្ធនេះ។
ប៉ុន្តែលោក London លើកឡើងថា មិនមែនអ្វីៗទាំងអស់ត្រូវបានបាត់បង់នោះទេ ដោយសារតែតុលាការត្រូវពិនិត្យមើលថាតើគម្រោងអភិវឌ្ឍន៍នេះទទួលបានការអនុញ្ញាតដោយស្របច្បាប់ដែរឬក៏អត់។
លោកថ្លែងដូច្នេះថា៖ «ករណីនេះនៅកំពុងបន្ត។ វាមិនទាន់ចប់នៅឡើយទេ។ ពួកគេមិនបានបោះបង់ចោលការពិនិត្យពិច័យលើរឿងនេះនោះទេ។ ខ្ញុំមិនចង់ឱ្យរឿងក្តីនេះជាប់ក្នុងប្រវត្តិសាស្រ្តត្រឹមតែជារឿងក្តីគួរឱ្យចាប់អារម្មណ៍មួយប៉ុណ្ណោះទេ។ យើងនៅតែចង់ឈ្នះក្តីនេះ»។
លោកបានបញ្ជាក់ថា មួយភាគធំនៃគម្រោងអភិវឌ្ឍន៍ទំហំ ១៥០.០០០ ម៉ែត្រការ៉េនេះត្រូវបានសាងសង់រួចរាល់ហើយ។
លោកនិយាយដូច្នេះថា៖ «សរុបមក ពួកគេប្រហែលជាបានសាងសង់អាគារទាំងមូលបាន ៤០% ហើយ។ ហើយនៅមានអ្វីត្រូវធ្វើច្រើនបន្ថែមទៀត។ អាគារក្រុមហ៊ុន Amazon នឹងត្រូវសាងសង់ឡើងកាន់តែខ្ពស់ ហើយនឹងមានអគារកាន់តែច្រើនថែមទៀត»។
លោក Zenzile Khoisan ដែលជាអ្នកនាំពាក្យក្រុម First Nations Collective ជឿជាក់យ៉ាងខ្លាំងក្លាថា គម្រោងអភិវឌ្ឍន៍ថ្មីនេះនឹងគោរពដល់ប្រវត្តិសាស្រ្តរបស់កុលសម្ព័ន្ធជនជាតិដើម។ គម្រោងនេះនឹងមានដាក់បញ្ចូលនូវមជ្ឈមណ្ឌលកេរមរតក សួនអនុស្សាវរីយ៍ និងវិថីនានាដែលដាក់ឈ្មោះតាមកុលសម្ព័ន្ធ Khoisan៕