Alynana Media Cambodia
Icon Collap
clinic narit

ក្រុមហ៊ុន Amazon ជះលុយជាង៦ពាន់លានដុល្លារ បង្កើតប្រព័ន្ធផ្ទុកទិន្នន័យដ៏ធំនៅម៉ាឡេស៊ី

Media LNN | Aug 23, 2024
ក្រុមហ៊ុន Amazon ជះលុយជាង៦ពាន់លានដុល្លារ បង្កើតប្រព័ន្ធផ្ទុកទិន្នន័យដ៏ធំនៅម៉ាឡេស៊ី
Clinic narith

ក្រុមហ៊ុន Amazon Web Services ដែលជាផ្នែកមួយរបស់ក្រុមហ៊ុន Amazon បានជះលុយជាង៦ពាន់លានដុល្លារវិនិយោគលើការកសាងអាណាចក្រទិន្នន័យរយៈពេលវែងនៅប្រទេសម៉ាឡេស៊ី។ បើគ្មានការប្រែប្រួលទេ គម្រោងនេះអាចនឹងដំណើរការរហូតដល់ឆ្នាំ២០៣៨ ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តរយៈពេលវែងរបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន the Edge។

ក្រុមហ៊ុន Amazon Web Services គ្រោងបោះជាង៦ពាន់លានដុល្លារវិនិយោគលើការបង្កើតប្រព័ន្ធផ្ទុកទិន្នន័យរយៈពេលដ៏ធំមួយនៅប្រទេសម៉ាឡេស៊ី ពោលគឺគម្រោងនេះអាចដំណើរការរហូតដល់ឆ្នាំ២០៣៨។ តាមរយៈការជះទឹកលុយដ៏ច្រើននេះ ក្រុមហ៊ុននឹងអភិវឌ្ឍន៍មជ្ឈមណ្ឌលទិន្នន័យ ដែលបម្រើឲ្យអាជីវកម្ម សហគ្រិន និងសហគ្រាសនានា នៅក្នុងប្រទេសម៉ាឡេស៊ី ក៏ដូចជានៅតាមបណ្តាប្រទេសនានានៅក្នុងតំបន់។ តាមរយៈគម្រោងនេះ ក្រុមហ៊ុន Amazon Web Services រំពឹងថា ខ្លួននឹងអាចរួមចំណែកនៅក្នុងទីផ្សារដែលមានទំហំសរុបជាង១២ពាន់លានដុល្លារ ហើយក៏នឹងអាចគាំទ្រដល់ដំណើការបង្កើតការងារដល់ពលរដ្ឋប្រមាណ៣ពាន់៥រយកន្លែងផងដែរ។

លោក តេងគូ ដាទុ សេរី ហ្សាហ្រ្វ៊ុល អាបឌុល អាស៊ីស (Tengku Datuk Seri Zafrul Abdul Aziz) រដ្ឋមន្ត្រីក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការដាក់ឱ្យដំណើរការហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហ៊ុន Amazon Web Services នៅក្នុងប្រទេសម៉ាឡេស៊ី នឹងផ្តល់នូវលទ្ធភាពទទួលបានបច្ចេកវិទ្យាថ្មីៗ និងកំពុងរីកចម្រើនសម្រាប់អង្គភាព និងអាជីវកម្មម៉ាឡេស៊ីគ្រប់ទំហំ ក៏ដូចជាជំរុញសមត្ថភាពរបស់ម៉ាឡេស៊ីសម្រាប់ការច្នៃប្រឌិតឌីជីថល។

ជាមួយគ្នានេះ លោក ប្រាសាទ កល្យាណារ៉ាម៉ាន ( Prasad Kalyanaraman) អនុប្រធានផ្នែកហេដ្ឋារចនាសម្ព័ននៃ ក្រុមហ៊ុន Amazon Web Services បាននិយាយថា ការវិនិយោគរបស់ Amazon Web Services ថ្មីនៅក្នុងប្រទេសម៉ាឡេស៊ីនេះ វានឹងអនុញ្ញាតឱ្យស្ថាប័ននានានៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក អាចដោះស្រាយពាក់ព័ន្ធបញ្ហាផ្ទុកទិន្នន័យដ៏ទូលំទូលាយ និងគួរឱ្យទុកចិត្តបំផុតរបស់ពិភពលោក ជាពិសេសអាចជួយអតិថិជនដាក់ឱ្យប្រើប្រាស់កម្មវិធីកម្រិតខ្ពស់ជាមួយនឹងសំណុំសក្តានុពល នៃបច្ចេកវិទ្យាដ៏ទូលំទូលាយរបស់ Amazon Web Services ។

នៅពេលនេះក្រុមហ៊ុម Amazon Web Services កំពុងតែវាយលុកលើការបង្កើតមជ្ឈមណ្ឌលទិន្នន័យអាជីវកម្មបានសរុប១០៨ទីតាំង ហើយកំពុងតែជំរុញការបង្កើតមជ្ឈមណ្ឌលបែបនេះ នៅប្រទេសម៉ិកស៊ិក នូវែលសេឡង់ អារ៉ាប៊ីសាអូឌីត តៃវ៉ាន់ ថៃ និងអឺរ៉ុបមួយចំនួនទៀត៕