រដ្ឋមន្រ្តីហិរញ្ញវត្ថុ និងតំណាងជាន់ខ្ពស់នៃប្រទេសជាសមាជិក APEC បានរួមគ្នាស្វែងរកដំណោះស្រាយបញ្ហាសេដ្ឋកិច្ចសកល ដែលកើតឡើងបន្ត នៅក្រោយពីវិបត្តិកូវីដ-១៩ ជាពិសេសគឺបញ្ហាអតិផរណា ដែលជាក្តីកង្វល់រួមនៅទូទាំងពិភពលោក និងការកើនឡើងការប្រែប្រួលអាកាសធាតុជាដើម។ រដ្ឋមន្រ្តីទាំងអស់ បានតាំងចិត្តរួមគ្នាដោះស្រាយបញ្ហាសេដ្ឋកិច្ចទាំងនេះ និងបានសម្រេចជ្រើសរើសយក ឌីជីថលនីយកម្ម ធ្វើជាឧបករណ៍ដំណោះស្រាយដ៏សំខាន់។
កិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុ APEC លើកទី២៩ ដែលបានធ្វើឡើងនៅក្រុងបាងកក ប្រទេសថៃ ក្រោមមូលបទ «ឌីជីថលនីយកម្មឈានមុខ សមិទ្ធផលប្រកបដោយចីរភាព» រយៈពេល២ថ្ងៃ គឺថ្ងៃទី១៩-២០ ខែតុលា ឆ្នាំ២០២២ បានលើកឡើងពីបញ្ហាប្រឈមម៉ាក្រូសេដ្ឋកិច្ច មានដូចជា ការឡើងថ្លៃស្បៀងអាហារ និងថាមពល និងឥទ្ធិពលដែលនៅបន្តរាលដាលពីជំងឺកូវីដ១៩ ដែលបង្អាក់ដល់ការផ្គត់ផ្គង់ ព្រមទាំងការកើនឡើងនូវអតិផរណា និងការរឹតត្បិតលក្ខខណ្ឌហិរញ្ញវត្ថុជាដើម។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលប្រកាសដោយលោក Arkhom Termpittayapaisith រដ្ឋមន្រ្តីហិរញ្ញវត្ថុនៃប្រទេសថៃ ក្នុងនាមជាប្រធានកិច្ចប្រជុំនេះ។
ឆ្លើយតបនឹងបញ្ហាខាងលើនេះ រដ្ឋមន្រ្តីហិរញ្ញវត្ថុ APEC បានបង្ហាញការប្តេជ្ញាចិត្តក្នុងការអនុវត្តគោលនយោបាយសារពើពន្ធបត់បែន ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច និងការបង្កើតការងារ។ ពួកគេបានសន្យាថា នឹងប្រើប្រាស់ឱ្យអស់លទ្ធភាពនូវគោលនយោបាយដែលមានដើម្បីគ្រប់គ្រងសម្ពាធអតិផរណា និងជួយឱ្យសេដ្ឋកិច្ចមានកំណើនឡើងវិញ ក៏ដូចជារក្សាស្ថិរភាពនៃប្រព័ន្ធរូបិយវត្ថុអន្តរជាតិ។
ក្នុងសេចក្តីថ្លែងការណ៍ដដែលបានលើកឡើងពីការសង្កត់ធ្ងន់របស់ប្រទេស APEC ទៅលើសារៈសំខាន់នៃសេរីភាព ការបើកចំហរ ការស្មើភាពគ្នា តម្លាភាព ពាណិជ្ជកម្មអន្តរជាតិដែលអាចកំណត់ទុកបាន និងបរិយាកាសវិនិយោគ ដែលជាកត្តាគួបផ្សំក្នុងកំណើនសេដ្ឋកិច្ចតំបន់ និងសាកល។
សូមជម្រាបដែរថា ដើម្បីជំរុញការដោះស្រាយបញ្ហាសេដ្ឋកិច្ចសាកល ក៏ដូចជាស្របតាមមូលបទនៃកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុ APEC នេះ គឺពួកគេបានយល់ព្រមជាឯកច្ឆ័ន្ទ លើឌីជីថលនីយកម្មសម្រាប់សេដ្ឋកិច្ចឌីជីថល ដែលនឹងក្លាយជាគន្លឹះមួយសម្រាប់វិបុលភាពរបស់ APEC។ ប្រទេស APEC បានទទួលស្គាល់ថា ឌីជីថលនីយកម្មគឺជាឧបករណ៍ដ៏សំខាន់មួយក្នុងការបញ្ជូនការគាំទ្រហិរញ្ញវត្ថុផ្ទាល់ដល់ប្រជាជន ជាពិសេសក្នុងអំឡុងពេលផ្ទុះខ្លាំងជំងឺកូវីដ-១៩ និងជួយសម្រួលដល់ការប្រមូលពន្ធ។
រដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ លោក Arkhom ថ្លែងថា ឌីជីថលនីយកម្ម បានបង្ហាញឱ្យឃើញពីសារៈសំខាន់របស់វាក្នុងការនាំមកនូវកំណើនសេដ្ឋកិច្ច ជាពិសេសនៅក្នុងការបង្កើនបរិយាកាសសាកលភាវូបនីយកម្ម។
បើតាមការលើកឡើងរបស់លោក Arkhom បានឱ្យដឹងក្នុងសន្និសីទកាសែតក្រោយកិច្ចប្រជុំនេះថា ការព្យាករពីកំណើនសេដ្ឋកិច្ចសាកលរបស់ IMF គឺកើនឡើងក្នុងរង្វង់ ៣,២% នៅឆ្នាំ២០២២នេះ ហើយឆ្នាំក្រោយនឹងធ្លាក់ចុះកំណើនបន្តិចវិញក្នុងរង្វង់ ២,៧%។ សម្រាប់សេដ្ឋកិច្ចរបស់ APEC ឆ្នាំនេះត្រូវបានព្យាករថា នឹងមានកំណើន ២,៥% ហើយនឹងឡើងបន្តិចនៅឆ្នាំក្រោយ គឺក្នុងរង្វង់ ២,៦%៕