ធនាគារ Goldman Sachs ដែលជាធនាគារពាណិជ្ជធំបំផុតទី៣របស់សហរដ្ឋអាមេរិកកំពុងស្ថិតនៅក្នុងការពិចារណាថានឹងឈប់ធ្វើជាដៃគូរកស៊ីជាមួយក្រុមហ៊ុន Apple ដែលជាក្រុមបច្ចេកវិទ្យាធំរបស់អាមេរិកក្រោយពីខ្លួនបានខាតបង់លុយអស់រាប់ពាន់លានដុល្លារ។
បើយោងតាមការចុះផ្សាយរបស់ Yahoo Finance បានឲ្យដឹងថាឥឡូវនេះធនាគារ Goldman Sachs ដែលជាធនាគារវិនិយោគដ៏ធំកំពុងពិចារណាចែកផ្លូវគ្នាជាមួយអាមេរិក។ លោក David Solomon នាយកប្រតិបត្តិរបស់ធនាគារ Goldman Sachs បានឲ្យដឹងកាលពីខែតុលាឆ្នាំ២០២២ថាគម្រោងភាពជាដៃគូជាមួយ Apple មានសពុលភាពរហូតដល់ឆ្នាំ២០២៩ប៉ុន្ដែបច្ចុប្បន្នគម្រោងនេះអាចត្រូវបានផ្លាស់ប្ដូរនិងកែប្រែវិញ។
ធនាគារធំទី៣របស់អាមេរិកមួយនេះបានឲ្យដឹងខ្លួនបានខាតបង់លុយប្រមាណជា៣ពាន់លានដុល្លារពីការធ្វើប្រតិបត្តិការសេវាធនាគាររបស់អតិថិជនចាប់តាំងពីខ្លួនបានសហការជាមួយ Apple។ ក្រោយពីពិចារណាចង់ចែកផ្លូវលែងចង់ធ្វើជាដៃគូជាមួយ Apple ធនាគារនេះក៏កំពុងពិចារណាឈប់ផ្ដល់កាតឥណទានជាមួយក្រមហ៊ុនGeneral Mootors ដែលហៅកាត់ថាGMផងដែរ។
គួរបញ្ជាក់ផងដែរធនាគារ Goldman Sachs គឺជាធនាគារវិនិយោគដ៏ធំរបស់អាមេរិក ហើយកាលពីខែមករានិងឧសភាឆ្នាំ២០២៣នេះ ធនាគារបានប្រកាសកាត់បុគ្គលិកចេញជាបន្តបន្ទាប់ខណៈស្ថានភាពសេដ្ឋកិច្ចមិនច្បាស់លាស់៕