ក្រុមហ៊ុន Apple កំពុងលៃលករំលែកធនធានផលិតកម្មសម្រាប់ផលិត iPad របស់ខ្លួនទៅដំឡើងនៅប្រទេសវៀតណាម នេះបើតាមការរាយការណ៍របស់ Nikkei កាលពីថ្ងៃសុក្រនេះ។
ក្រុមហ៊ុន Apple កំពុងធ្វើការជាមួយក្រុមហ៊ុន BYD របស់ចិន ដែលជាអ្នកដំឡើងផលិតផល iPad ដ៏សំខាន់ ដើម្បីផ្លាស់ទីធនធានផលិតផលថ្មី (NPI) ទៅកាន់ប្រទេសវៀតណាម ដោយបន្ថែមថា នេះជាលើកដំបូងដែលក្រុមហ៊ុនបានផ្លាស់ប្តូរធនធានផលិត NPI ដែលជាធនធានស្នូលដ៏សំខាន់របស់ខ្លួន ទៅកាន់ប្រទេសវៀតណាមបែបនេះ។
ការផ្ទៀងផ្ទាត់ផ្នែកវិស្វកម្មសម្រាប់ការសាកល្បងផលិតម៉ូដែល iPadថ្មី នឹងចាប់ផ្តើមនៅពាក់កណ្តាលខែកុម្ភៈ ហើយម៉ូដែលនេះនឹងមានលក់នៅលើទីផ្សារ នៅពាក់កណ្តាលទីពីរនៃឆ្នាំក្រោយ។
ក្រុមហ៊ុន Apple និង BYD មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ សារៈព័ត៌មាន Nikkei ទេ។
ថែមពីលើនេះ ក្រុមហ៊ុនធំៗពីរទៀត គឺLuxshare និង Foxconn ដែលជាក្រុមហ៊ុនផ្គត់ផ្គង់វត្ថុធាតុដើមនិងសម្ភារៈផលិតដល់ក្រុមហ៊ុន Apple ក៏បានវិនិយោគនៅក្នុងប្រទេសវៀតណាម កាលពីដើមឆ្នាំនេះ ដើម្បីធ្វើពិពិធកម្មផលិតកម្មបន្ថែមទៀត ចេញឆ្ងាយពីប្រទេសចិន៕