(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុន Apple បានចេញសារព្រមានជាផ្លូវការ ចំពោះអ្នកប្រើប្រាស់ iPhone ទាំងឡាយណាដែលធ្វើឱ្យ iPhone សើម ឬចូលទឹកមិនត្រូវធ្វើតាមក្បួនចាស់ដាក់ចូលក្នុងអង្ករដើម្បីសម្ងួតនោះទេ។ ដោយបញ្ជាក់ថា ការធ្វើដូច្នេះមិនត្រឹមតែខុសស្តង់ដារប៉ុណ្ណោះទេ ថែមទាំងអាចធ្វើឱ្យភាគល្អិតតូចៗ ដូចជាគ្រាប់អង្ករ ឬកម្ទេចគ្រាប់អង្ករចូលទៅកាន់តំបន់ Hardware ណាមួយរបស់ iPhone តាមរយៈរន្ធតូចៗ ហើយវាអាចនឹងធ្វើឱ្យមានផលប៉ះពាល់នៅពេលណាមួយជាក់ជាមិនខាន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Guardian នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។
ជំនួសឱ្យការធ្វើខុសក្បួនខ្នាត និងខុសស្តង់ដារដែលបានកំណត់ Apple បានណែនាំពីវិធីសាស្រ្តមួយចំនួនដើម្បីសង្រ្គោះ iPhone នៅពេលមានករណីចូលទឹក ឬ សើមដូចជា៖
• មិនត្រូវសាកថ្ម iPhone ក្នុងអំឡុងពេលសើមនោះទេ ការធ្វើបែបនេះអាចបណ្តាឱ្យខូច Hardware កាន់តែធ្ងន់ធ្ងរ ក៏ដូចជាខូចរន្ធសាកតែម្តង
• មិនត្រូវប្រើប្រភពកម្តៅដូចជាម៉ាស៊ីនផ្លុំសក់ ឬមីក្រូវ៉េវនោះទេ
• មិនត្រូវយកក្រណាត់ ឬឧបករណ៍ណាមួយទៅញ៉ុកដើម្បីជូតសម្អាតនោះទេ
• អ្វីដែលត្រូវធ្វើនោះ គឺអ្នកប្រើប្រាស់ត្រូវតែប្រញាប់បិទ iPhone ភ្លាមៗ ដោយការធ្វើបែបនេះជួយការពារការដាច់ចរន្តអគ្គិសនី និងខូចខាតផ្នែក Hardware
• ដក Case ឬស្រោមទូរស័ព្ទចេញពីទូរស័ព្ទ
• ជូតផ្នែកខាងក្រៅថ្នមៗដោយប្រើក្រណាត់ទន់ៗ នឹងគ្មានជាតិសសៃ
• ដាក់ហាល iPhone នៅកន្លែងស្ងួត និងមានខ្យល់ចេញចូលរយៈពេល ៣០នាទី ឬយ៉ាងយូររហូតដល់ ២៤ម៉ោងដើម្បីធានាថា iPhone ស្ងួតបានល្អ
Apple បានបន្ថែមទៀតថា ប្រសិនបើ iPhone ចូលទឹកប្រៃត្រូវប្រញាប់លាងជាមួយទឹកស្អាតជាបន្ទាន់មុននឹងយកទៅដាក់ហាលសម្ងួត ព្រោះថាទឹកប្រៃជះឥទិ្ធខូចខាតខ្លាំងជាងទឹកសាបធម្មតា។ តែយ៉ាងណាប្រសិនបើការណែនាំខាងលើធ្វើទៅមិនបានផល ឬដំណើរការមិនប្រក្រតី ហើយមានលោតសារ «Liquid Detected» មិនឈប់ Apple ណែនាំឱ្យយកទៅ Apple Store ឬដៃគូរសហការណាមួយដើម្បីធ្វើការជួសជុលតែម្តង៕