អន្តរជាតិ៖ កាលពីថ្ងៃអង្គារប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ដោយដកស្រង់ពីការិយាល័យស្ថិតិទូទៅ (GSO ) ថា ប្រទេសវៀតណាមបានប្រកាសតម្លៃពាណិជ្ជកម្មបរទេសចំនួន ៣៧៤,២៣ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ ដែលធ្លាក់ចុះ ១៣,៩ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ជាមួយនឹងអតិរេកពាណិជ្ជកម្មចំនួន ១៥,២៣ ពាន់លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។
កាសែតក្នុងស្រុកបានរាយការណ៍ថា ជាក់ស្តែងប្រាក់ចំណូលនាំចេញមានចំនួន ១៩៤,៧៣ ពាន់លានដុល្លារ ធ្លាក់ចុះ ១០,៦ ភាគរយ ខណៈដែលប្រាក់ចំណូលនាំចូលធ្លាក់ចុះ ១៧,១ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ មកត្រឹម ១៧៩,៥ ពាន់លានដុល្លារ។ យោងតាមការិយាល័យបានឱ្យដឹងថា សហរដ្ឋអាមេរិកនៅតែជាប្រទេសនាំចូលធំបំផុតរបស់វៀតណាមជាមួយនឹងចំណូលចំនួន ៥២,៤ ពាន់លានដុល្លារ ហើយប្រទេសចិនគឺជាអ្នកនាំចេញដ៏ធំបំផុតជាមួយនឹងប្រាក់ចំណូលចំនួន ៥៨,៦ ពាន់លានដុល្លារ។ ផលិតផលនាំចេញសំខាន់ៗជាច្រើនរបស់វៀតណាម កំពុងប្រឈមមុខនឹងការលំបាកដោយសារតែការថយចុះយ៉ាងខ្លាំងនៃតម្រូវការទីផ្សារពិភពលោក។ ដើម្បីបង្កើនប្រសិទ្ធភាពការនាំចូល និងនាំចេញ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម នឹងបន្តជំរុញសកម្មភាពផ្សព្វផ្សាយពាណិជ្ជកម្មដែលផ្តោតលើទីផ្សារថ្មី និងសក្តានុពលនានា រួមមានប្រទេសឥណ្ឌា អាហ្វ្រិក មជ្ឈិមបូព៌ា អាមេរិកឡាទីន និងអឺរ៉ុបខាងកើត៕