ទីបញ្ជាការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានសរសេរសារបង្ហោះនៅលើគណនីបណ្ដាញសង្គម Facebook ថា កងកម្លាំងរុស្ស៊ីកំពុងបាញ់ប្រហារ និងអនុវត្ត «ប្រតិបត្តិការវាយលុក» នៅក្នុងតំបន់រោងចក្រ Azovstal ក៏ដូចជាធ្វើការវាយប្រហារតាមអាកាសទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលផងដែរ។
លោក ស៊ែរហ៉ី វ៉ូលីណា (Serhiy Volyna) មេបញ្ជាការនៃកងពលម៉ារីនទី៣៦ របស់អ៊ុយក្រែន បានបញ្ជាក់នៅក្នុងបទសម្ភាសន៍ជាមួយសមាជិកសភា បក្សប្រឆាំង និងដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម YouTube ថារុស្ស៊ីកំពុងវាយលុកនៅក្នុងតំបន់នេះ ដោយការទម្លាក់គ្រាប់បែកតាមអាកាស និងការបាញ់កាំភ្លើងធំ។ លោកបានបន្ថែមដូច្នេះថា «ស្ថានភាពគឺធ្ងន់ធ្ងរណាស់... យើងមានអ្នករបួសជាច្រើននាក់ ហើយអ្នកខ្លះកំពុងដេកស្លាប់។ វាជា ស្ថានភាពដ៏លំបាកណាស់ដោយខ្វះកាំភ្លើង គ្រាប់រំសេវ, អាហារ និងថ្នាំពេទ្យ ខណៈស្ថានភាពកាន់តែអាក្រក់ទៅៗ ហើយ»។
គួរបញ្ជាក់ថា រោងចក្រដែកថែប Azovstal គឺជាបន្ទាយដ៏រឹងមាំចុងក្រោយរបស់អ៊ុយក្រែនដែលនៅសេសសល់ក្នុងទីក្រុង Mariupol ជាទីក្រុងដែល ស្ថិតនៅក្រោមការឡោមព័ទ្ធ និងរងការទម្លាក់គ្រាប់បែកជាបន្តបន្ទាប់ ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅ៕