សហរដ្ឋអាមេរិកបានបញ្ចេញនូវយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ត B-52 ដែលមានសមត្ថភាពទម្លាក់គ្រាប់នុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ខណៈភាពតានតឹងកូរ៉េខាងជើង។
យន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ បានចូលរួមក្នុងសមយុទ្ធដែនអាកាសរួមគ្នាជាមួយយន្តហោះចម្បាំងអាមេរិក និងកូរ៉េខាងត្បូងនៅលើឧបទ្វីបកូរ៉េកាលពីថ្ងៃពុធទី ៥ ខែមេសា ឆ្នាំ២០២៣។ នេះបើតាមក្រសួងការពារជាតិកូរ៉េខាងត្បូង។ វាគឺជាការដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក B-52 លើកដំបូងបង្អស់របស់អាមេរិកទៅកាន់ឧបទ្វីបកូរ៉េក្នុងរយៈពេលមួយខែ។ ឧត្តមសេនីយឯក Park Ha-sik មេបញ្ជាការបញ្ជាការប្រតិបត្តិការទ័ពអាកាសកូរ៉េខាងត្បូង សមយុទ្ធបានមានប្រសាសន៍ថា “នេះបានបង្ហាញពីការតាំងចិត្តដ៏រឹងមាំនៃសម្ព័ន្ធភាពកូរ៉េខាងត្បូង-អាមេរិក និងការត្រៀមខ្លួនដ៏ល្អឥតខ្ចោះ ដើម្បីឆ្លើយតបទៅនឹងការបង្កហេតុណាមួយដោយប្រទេសកូរ៉េខាងជើងយ៉ាងឆាប់រហ័ស និងលើសលប់”។ យោធាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បាននឹងកំពុងពង្រីកសមយុទ្ធយោធារួមគ្នារបស់ពួកគេ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។ សហរដ្ឋអាមេរិកបានបញ្ជូនទាំងនាវាផ្ទុកយន្តហោះ USS Nimitz ដើរដោយថាមពលនុយក្លេអ៊ែរសម្រាប់ការហ្វឹកហ្វឺនកងទ័ពជើងទឹកជាមួយកូរ៉េខាងត្បូងកាលពីសប្តាហ៍មុន និងសមយុទ្ធប្រឆាំងនាវាមុជទឹកអាមេរិក-កូរ៉េខាងត្បូង-ជប៉ុនក្នុងសប្តាហ៍នេះ ដោយមើលឃើញពីការបង្កហេតុមិនចេះឈប់ពីកូរ៉េខាងជើង។
កាលពីថ្ងៃទី ៦ ខែមីនា អ្នកនាង Kim Yo Jong ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង Kim Jong Un បានព្រមានថាប្រទេសរបស់នាងបានត្រៀមខ្លួនជាស្រេចដើម្បី “ចាត់វិធានការដ៏លើសលប់” យ៉ាងឆាប់រហ័សប្រឆាំងនឹង អាមេរិក និងកូរ៉េខាងត្បូង៕