Alynana Media Cambodia
Icon Collap
clinic narit

តើ Black Panther វគ្គពីរនឹងមានជោគវាសនាបែបណា ក្រោយតួឯកស្លាប់

Sang Kim | Sep 07, 2020
តើ Black Panther វគ្គពីរនឹងមានជោគវាសនាបែបណា ក្រោយតួឯកស្លាប់
Clinic narith

ការស្លាប់របស់តារាសម្ដែង Chadwick Boseman (ឆាត-វីក ប៊ូស-ម៉េន) ដែលដើរតួជាវីរបុរស Black Panther អាចឲ្យផែនការផលិតរឿង “Black Panther” វគ្គពីរ មានការផ្លាស់ប្ដូរ តែមកទល់ពេលនេះគឺមិនទាន់មានការសម្រេចចិត្តអ្វីនៅឡើយទេ បន្ទាប់ពីបានឮដំណឹងមរណភាពរបស់តារាសម្ដែង Chadwick Boseman (ឆាត-វីក ប៊ូស-ម៉េន) តួអង្គ Black Panther រួចហើយនោះ ក្រុមអ្នកគាំទ្របានទទូចសុំកុំឲ្យផលិតកម្ម Marvel Sutdios ជ្រើសរើសតារាសម្ដែងថ្មី មកជំនួស Chadwick Boseman (ឆាត-វីក ប៊ូស-ម៉េន)។

មានការបញ្ចេញមតិពីអ្នកនិពន្ធ អ្នកជំនាញក្នុងវិស័យភាពយន្តថា ផលិតកម្ម Marvel Studios និងផលិតកម្ម Walt Disney ដែលជាផលិតកម្មមេ គួរណាពិចារណាបង្កើតសាច់រឿងទាក់ទងនឹងការតែងតាំង Black Panther បន្ទាប់ ចេញពីតួអង្គដែលមានស្រាប់ក្នុងរឿង Black Panther ឬរឿងផ្សេងទៀតដែលស្ថិតក្នុងពិភព Marvel ដូចគ្នា។

អ្នកនិពន្ធមួយរូបឈ្មោះថា Jamil Smith (ចា-មីល-ស្មីត) បាននិយាយថា ផលិតកម្ម Marvel Studios និងផលិតកម្ម Walt Disney គួរពិចារណាបន្តដើរតាមសាច់រឿងក្នុងសៀវភៅត្លុក រួចហើយបង្ហាញឲ្យបានកាន់តែច្រើនពីតួអង្គ Shuri (ហ្ស៉ូ-រី) ដែលជាប្អូនស្រីរបស់តួអង្គ Black Panther ឲ្យក្លាយទៅជាតួអង្គសំខាន់មួយ និងគួរពិចារណាជ្រើសរើសនាងធ្វើជា Black Panther បន្ទាប់ផងដែរ។

មកទល់ពេលនេះផលិតកម្ម Marvel Studios និងផលិតកម្ម Walt Disney មិនទាន់ឆ្លើយតបនៅឡើយទេថារឿង Black Panther វគ្គពីរ ដែលគ្រោងចាក់បញ្ចាំងនាថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០២២ នឹងមានការផ្លាស់ប្ដូរបែបណាក្រោយការស្លាប់របស់តារាសម្ដែង Chadwick Boseman (ឆាត-វីក ប៊ូស-ម៉េន)ដែលសម្ដែងជាតួអង្គសំខាន់ ៕