(សៀមរាប)៖ យន្តហោះខ្នាតធំ ប្រភេទប៊ូអ៊ីង (Boeing) ហោះហើរត្រង់ពីទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី នឹងដឹកនាំអ្នកដំណើរជាង២០០នាក់ ចុះចតនៅព្រលាយន្តហោះអន្ដរជាតិសៀមរាបអង្គរនៅចុងសប្ដាហ៍នេះ។
អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប លោក លី វណ្ណៈ និយាយថា តាមប្រភពពីមន្រ្តីអាកាសចរណ៍ស៊ីវិលប្រចាំព្រលានយន្តហោះ បានរាយការណ៍ថា នៅថ្ងៃទី២៤ ខែវិច្ឆិកា វេលាម៉ោង៦និង៤០នាទីល្ងាច យន្តហោះ Boeing 777 នឹងដឹកអ្នកដំណើរចំនួន ២៣០នាក់ ចុះចតនៅព្រលានថ្មីខេត្តសៀមរាប។ លោកបញ្ជាក់ថា នេះជាប្រភេទ Chartered flight គឺដឹកអ្នកដំណើរមកមិនអចិន្រ្តៃយ៍ឡើយ ទាល់តែមានអ្នកដំណើរច្រើន ទើបគេហោះមកត្រង់ម្ដង។
យ៉ាងណា អ្នកនាំពាក្យរដ្ឋបាលខេត្តបានបង្ហាញអារម្មណ៍រីករាយចំពោះដំណឹងនេះ ដែលនាំទេសចរមកក្នុងចំនួនមួយច្រើន ស្របពេលដែលខេត្តសៀមរាបរៀបចំពិធីបុណ្យអុំទូក និងកម្មវិធីកម្សាន្តផ្សេងៗទៀតនៅចុងខែ វិច្ឆិកានេះ៕