Alynana Media Cambodia
Icon Collap
clinic narit

តើហេតុអ្វីបានជាក្រុមហ៊ុនផលិតរថយន្តចិន BYD សម្រេចចិត្តទិញក្រុមហ៊ុនចែកចាយរថយន្តអាល្លឺម៉ង់?

Media LNN | Sep 02, 2024
តើហេតុអ្វីបានជាក្រុមហ៊ុនផលិតរថយន្តចិន BYD សម្រេចចិត្តទិញក្រុមហ៊ុនចែកចាយរថយន្តអាល្លឺម៉ង់?
Clinic narith

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំរបស់ចិន BYD នឹងទិញក្រុមហ៊ុនចែកចាយរថយន្តរបស់អាល្លឺម៉ង់ Hedin Electric Mobility ខណៈដែលក្រុមហ៊ុន BYD ចង់ដើរតួនាទីជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏សំខាន់មួយនៅតំបន់អឺរ៉ុប។ ក្រុមហ៊ុននេះកំពុងកំណត់គោលដៅបង្កើនការលក់ឱ្យបាន២០% នៅឆ្នាំនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេ។

ក្រុមហ៊ុន BYD បាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍មុនថា ក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់ចិននេះនឹងទិញយកក្រុមហ៊ុនចែកចាយរថយន្តរបស់អាល្លឺម៉ង់ Hedin ហើយពួកគេគ្រោងនឹងឈានដល់កិច្ចព្រមព្រៀងជាស្ថាពរនៅក្នុងត្រីមាសទី៤ឆ្នាំនេះ ប៉ុន្តែពួកគេមិនបានបញ្ជាក់ពីទំហំទឹកប្រាក់ទិញលក់ក្រុមហ៊ុននេះនោះទេ។

តាមរយៈកិច្ចព្រមព្រៀងទិញយកក្រុមហ៊ុនអាល្លឺម៉ង់នេះ ក្រុមហ៊ុន BYD នឹងទទួលបន្ទុកលើសកម្មភាពលក់រថយន្ត និងគ្រឿងបន្លាស់របស់ក្រុមហ៊ុន BYD នៅក្នុងទីផ្សារអាល្លឺម៉ង់ ក៏ដូចជាការគ្រប់គ្រងឃ្លាំងមួយចំនួននៅក្នុងទីក្រុងស្តាត់ហ្កាត (Stuttgart) និងទីក្រុងហ្វ្រេងហ្វឺត (Frankfurt) របស់អាល្លឺម៉ង់ផងដែរ។

វិធានការនេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុន BYD គ្រប់គ្រងកាន់តែខ្លាំងលើយុទ្ធសាស្រ្តរបស់ខ្លួននៅក្នុងប្រទេសអាល្លឺម៉ង់ ជាទីដែលក្រុមហ៊ុននេះ បានលក់រថយន្តរបស់ខ្លួនបានត្រឹមតែជាង៤ពាន់ គ្រឿងប៉ុណ្ណោះកាលពីឆ្នាំមុន ហើយមកដល់ពេលនេះការលក់បានបន្តធ្លាក់ចុះថែមទៀតនៅឆ្នាំនេះ គួបផ្សំនឹងការជាប់គាំងឧស្សាហកម្មបណ្ដាលមកពីការធ្លាក់ចុះតម្រូវការរថយន្តអគ្គិសនី។

ក្រុមហ៊ុន BYD បាននិយាយថា ក្រុមហ៊ុន Hedin នឹងបន្តលក់រថយន្តរបស់ក្រុមហ៊ុន BYD នៅក្នុងទីក្រុងចំនួន៣ នៅក្នុងប្រទេសអាល្លឺម៉ង់។ ក្រុមហ៊ុន BYD កំពុងកំណត់គោលដៅបង្កើនការលក់ឱ្យបាន ២០% សម្រាប់ឆ្នាំនេះដោយបានបញ្ចុះតម្លៃយ៉ាងខ្លាំងសម្រាប់រថយន្តអគ្គិសនី ដើម្បីទទួលបានតំណែងឈានមុខគេរបស់ខ្លួន។ ការនាំចេញទៅក្រៅប្រទេសមានចំនួនជិត ១២% នៃការលក់សរុបរបស់ក្រុមហ៊ុន BYD ក្នុងរយៈពេល៧ខែដំបូងនៅឆ្នាំនេះ ដោយប្រទេសអង់គ្លេស គឺជាទីផ្សារធំបំផុតរបស់ខ្លួននៅតំបន់អឺរ៉ុប៕