Alynana Media Cambodia
Icon Collap
clinic narit

ការអនុម័តគម្រោងវិនិយោគដោយ CDC នៅតែបន្ដកើនឡើង ទោះបីស្ថានភាពសេដ្ឋកិច្ចសាកលកំពុងអាប់អួរ​

Admin Alynana | Oct 08, 2022
ការអនុម័តគម្រោងវិនិយោគដោយ CDC នៅតែបន្ដកើនឡើង ទោះបីស្ថានភាពសេដ្ឋកិច្ចសាកលកំពុងអាប់អួរ​
Clinic narith

ការដាក់ចេញនូវវិធានការគ្រប់គ្រងជំងឺកូវីដ១៩ បានល្អ និងការដាក់ឲ្យអនុវត្តច្បាប់វិនិយោគថ្មី របស់រាជរដ្ឋាភិបាលកម្ពុជា បានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញនូវឱកាសវិនិយោគនៅកម្ពុជា បើទោះបីជា ស្ថានភាពសេដ្ឋកិច្ចពិភពលោក រួមទាំងកម្ពុជា បន្តស្ថិតក្នុងភាពមិនច្បាស់លាស់ក្ដី។

ជាក់ស្ដែង នៅរយៈពេល ៩ខែ ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា (CDC) បានអនុម័ត​គម្រោងវិនិយោគថ្មី និងគម្រោងពង្រីក​ផលិតកម្ម ចំនួន ១៥០គម្រោង ដែលមានទុនវិនិយោគសរុប​ជាង ៣ពាន់៥រយលានដុល្លារអាមេរិក ដែលមានការកើនឡើង​ចំនួន ១៦គម្រោង ខណៈទំហំ​វិនិយោគ​កើនឡើង​ប្រមាណ ១០០លានដុល្លារ បើប្រៀបនឹងរយៈពេលដូចគ្នា​នៅឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍ដែលផ្ដល់ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្នុងចំណោមគម្រោងដែលត្រូវបានអនុម័តទាំងនោះ វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ មាន ៨គម្រោង។ វិស័យកសិកម្ម-កសិឧស្សាហកម្មវិញ មាន ៧គម្រោង។ រីឯ វិស័យទេសចរណ៍វិញ មានតែ ៣គម្រោង ប៉ុណ្ណោះ។

ជុំវិញនឹងស្ថានភាពវិនិយោគ​នៅកម្ពុជានេះដែរ បណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌត្យសភាកម្ពុជា បានកត់សម្គាល់ឃើញថា នៅឆ្នាំនេះ ស្ថានភាពនៃការវិនិយោគ នៅតែមានទំនោររក្សាបានកំណើនវិជ្ជមានគួរឲ្យកត់សម្គាល់។

បើតាមបណ្ឌិត គី សេរីវឌ្ឍន៍ វិស័យវិនិយោគបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោយវិបត្តិកូវីដ១៩ បើទោះជា ភិពភលោកបាននិងកំពុងជួបប្រទះនូវវិបត្តិផ្សេង រួមទាំង អតិផរណាក៏ដោយ។ ជាមួយគ្នានេះ អ្នកជំនាញសេដ្ឋកិច្ចរូបនេះ នៅតែបង្ហាញគំនិតសុទិដ្ឋិនិយមចំពោះវិស័យសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២២នេះ នឹងរក្សាបាននូវកំណើនក្នុងអត្រា ៥% ដោយការចូលរួមពីវិស័យសំខាន់ៗ ដូចជា វិស័យឧស្សាហកម្ម និងវិស័យកសិកម្ម ជាដើម។

ដោយឡែក បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុង​ខែកញ្ញា ឆ្នាំ២០២២ ទុនវិនិយោគមកពីប្រទេសចិនឈរនៅលំដាប់លេខរៀងទី១ ហើយទុនវិនិយោគក្នុងស្រុកឈរនៅលំដាប់លេខ​រៀងទី២។ ប៉ុន្ដែ សម្រាប់ការវិនិយោគនៅរយៈពេល ៩ខែ ក្នុងឆ្នាំ២០២២វិញ ទុនវិនិយោគក្នុងស្រុកបានឈរនៅលំដាប់លេខរៀងទី១ ខណៈទុនវិនិយោគមកពីប្រទេសចិនឈរនៅលំដាប់លេខរៀងទី២​ ៕