ចិនកំពុងតែស៊ើបអង្កេតជនជាតិខ្លួនម្នាក់ដែលមានអាយុ៣៩ឆ្នាំដែលត្រូវបានសង្ស័យធ្វើចារកម្មឱ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលរបស់អាម៉េរិក (CIA)។
បើតាមការបញ្ជាក់ពីក្រសួងសន្តិសុខរដ្ឋរបស់ចិន ជនជាតិចិននាមត្រកូល Hao អាយុ៣៩ឆ្នាំ មិនត្រូវបានបញ្ចេញអត្តសញ្ញាណសូម្បីភេទនោះ ជាមន្រ្តីនៅក្រសួងមួយ ហើយបានទៅសិក្សានៅជប៉ុនទីដែលប្រទេសជាច្រើនជ្រើសរើសចារកម្មបរទេស។
ក្រសួងដដែលបានបន្ថែមទៀតថាបុគ្គលឈ្មោះHao បានស្គាល់គ្នាជាមួយមន្ត្រីស្ថានទូតអាម៉េរិកម្នាក់ដែលគេស្គាល់ដោយឈ្មោះ Ted ខណៈពេលដែលកំពុងរៀបចំទិដ្ឋាការនៅជប៉ុន។ បុគ្គល Ted នេះបានអញ្ជើញបុគ្គល Hao មកទទួលទានអាហារពេលល្ងាចហើយបានផ្ដល់អំណោយដើម្បីអូសទាញជជនជាតិចិនដដែល ជាមួយការសន្យាផ្ដល់លុយផង។
បន្ថែមពីលើនេះ បុគ្គល Ted បានណែនាំបុគ្គល Hao ទៅដល់សហការីខ្លួនម្នាក់ឈ្មោះ Li Jun មុនពេលអាណត្តិការងារនៅស្ថានទូតអាម៉េរិកនៅជប៉ុនត្រូវបានបញ្ចប់។ បុគ្គល Li និងបុគ្គល Hao បានរក្សាទំនាក់ទំនងសហប្រតិបត្តិការ។ មុនពេលបុគ្គល Hao បញ្ចប់ការសិក្សា មន្រ្តីអាម៉េរិកឈ្មោះ Li បានបង្ហាញអត្តសញ្ញាណខ្លួនជាបុគ្គលិក CIA ដែលមានមូលដ្ឋាននៅក្រុងតូក្យូ ហើយអូសទាញបុគ្គល Hao ឱ្យធ្វើការឱ្យ CIA ។
បើតាមក្រសួងសន្តិសុខរដ្ឋចិន បុគ្គលឈ្មោះ Hao បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចារកម្ម ដោយទទួលយកការវាយតម្លៃ និងការបណ្តុះបណ្តាលពីអាម៉េរិក ហើយចូលធ្វើការនៅក្នុងនាយកដ្ឋានរបស់ចិនមួយ ព្រមទាំងជួយស៊ើបការណ៍ជាសម្ងាត់ដល់ CIA ខណៈពេលដែលទទួលលុយពីអាម៉េរិក។
គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍មួយនេះបានកើតឡើងតិចជាងពីរសប្តាហ៍បន្ទាប់ពីក្រសួងដដែលនេះបានប្រកាសពីការរកឃើញជនសង្ស័យជាចារកម្មឱ្យ CIA បន្ទាប់ពីត្រូវបានជ្រើសរើសនៅអ៊ីតាលី។ នៅក្នុងខែសីហានេះ រដ្ឋាភិបាលចិនក៏បានអំពាវនាវឱ្យពលរដ្ឋរបស់ខ្លួនចូលរួមក្នុងការងារប្រឆាំងចារកម្ម បន្ទាប់ពីកែច្បាប់ប្រឆាំងចារកម្មរបស់ខ្លួនកាលពីខែកក្កដា ដែលធ្វើឲ្យអាម៉េរិកព្រួយបារម្ភ៕