សារធាតុតេស្តរកវីរុសCOVID-19(Detection Reagent)សម្រាប់២០០០នាក់ ដែលជាជំនួយរបស់ភាគីចិនជូនចំពោះភាគីកម្ពុជា បានដឹកមកដល់រាជធានីភ្នំពេញកាលពីយប់ម្សិលមិញ។
ស្ថានទូតចិនប្រចាំកម្ពុជាបានបញ្ចាក់កាលពី ថ្ងៃទី១៧ មីនាថា ប្រទេសចិនបន្តផ្តល់ជំនួយជាសម្លៀកបំពាក់ការពារ ម៉ាសវេជ្ជសាស្រ្ត និងសម្ភារៈផ្សេងទៀតជាបន្តបន្ទាប់ និងព្រមទាំងខិតខំផ្តល់ជាកម្លាំងជំរុញគាំទ្រក្នុងកិច្ចទប់ស្កាត់នឹងជម្ងឺវីរុស ជូនចំពោះភាគីកម្ពុជា។
ស្ថានទូតចិនប្រចាំនៅកម្ពុជាថ្លែងប្រាប់ ស៊ីស៊ីថាមស៍នៅថ្ងៃនេះផងដែរថា រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន កំពុងរៀបចំការងារបញ្ជូនក្រុមគ្រូពេទ្យជំនាញពីប្រទេសចិនមកកាន់ប្រទេសកម្ពុជា ដើម្បីជួយរាជរដ្ឋាភិបាលកម្ពុជាប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩។
បើតាមស្ថានទូតចិន បានបញ្ជាក់ថា ក្រុមគ្រូពេទ្យដែលចិនគ្រោងបញ្ជូនមកកម្ពុជាមានគ្នាប្រមាណពី៥ ទៅ៧នាក់ដែលនឹងមកដល់កម្ពុជាក្នុងពេលឆាប់ៗនេះ ហើយបច្ចុប្បន្ននេះស្ថានទូតចិនកំពុងពន្លឿនការងារ តាមសំណើររបស់មិត្តដែកថែបកម្ពុជា។