Alynana Media Cambodia
Icon Collap
clinic narit

​ឥណ្ឌូណេស៊ី បានផ្អាក​ការ​ប្រារព្ធ​ពិធីបុណ្យ Eid al-Fitr របស់​អ្នក​កាន់​សាសនា​ឥស្លាមដោយសារជំងឺកូវីដ

Sang Kim | May 17, 2021
​ឥណ្ឌូណេស៊ី បានផ្អាក​ការ​ប្រារព្ធ​ពិធីបុណ្យ Eid al-Fitr របស់​អ្នក​កាន់​សាសនា​ឥស្លាមដោយសារជំងឺកូវីដ
Clinic narith

ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី៖ អ្នក​កាន់​សាសនា​ឥស្លាម​បាន​ប្រារព្ធ​ពិធី​បុណ្យ Eid al-Fitr ក្នុង​សភាព​ស្ងប់ស្ងាត់​នៅ​ឆ្នាំ​នេះ​ដែល​ជា​ឆ្នាំ​ទី​ពីរ នៅ​ពេល​ដែល​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ បាន​បង្ខំ​ជា​ថ្មី​ឲ្យ​មាន​ការ​បិទ​ព្រះវិហារ​ឥស្លាម និង​មិន​ឲ្យ​មាន​ការ​ជួបជុំ​គ្រួសារ​នៅ​ថ្ងៃ​បុណ្យ​ប្រារព្ធ​ថ្ងៃ​បញ្ចប់​ខែ​បួស​រ៉ាម៉ាឌន​ដ៏​ពិសិដ្ឋ​របស់​អ្នក​កាន់​សាសនា​ឥស្លាម​នេះ។

 

អ្នក​ថ្វាយ​បង្គំ​សាសនា​ដែល​មាន​ពាក់​ម៉ាស​បាន​ចូលរួម​ជាមួយ​អ្នក​បួងសួង​ផ្សេង​ទៀត​នៅ​តាម​ដង​ផ្លូវ​ក្នុង​រដ្ឋធានី​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី។

 

ប្រទេស​ដែល​មាន​អ្នក​កាន់​សាសនា​ឥស្លាម​ច្រើន​ជាង​គេ​បំផុត​នៅ​ក្នុង​ពិភពលោក​មួយ​នេះ​បាន​អនុញ្ញាត​ឲ្យ​ព្រះវិហារ​ឥស្លាម​បើក​ទ្វារ​ទទួល​អ្នក​ថ្វាយ​បង្គំ​សាសនា​នៅ​កន្លែង​ដែល​មាន​ហានិភ័យ​ទាប​នៃ​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩ ប៉ុន្តែ​តម្រូវ​ឲ្យ​ព្រះវិហារ​ឥស្លាម​នៅ​តំបន់​ដែល​មាន​ហានិភ័យ​ឆ្លង​ខ្លាំង​បិទ​ទ្វារ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ព្រះវិហារ​ឥស្លាម Istiqlal Grand Mosque នៅ​ក្នុង​រដ្ឋធានី​ហ្សាការតា ដែល​ជា​ព្រះវិហារ​ឥស្លាម​ធំ​ជាង​គេ​បំផុត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ផងដែរ។

 

ប្រជាពលរដ្ឋ​ឥណ្ឌូណេស៊ី​និង​ប្រជាពលរដ្ឋ​ម៉ាឡេស៊ី​ត្រូវ​បាន​ហាមឃាត់​ជា​បន្ត​នៅ​ឆ្នាំ​ទី​ពីរ​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​លេង​សាច់ញាតិ​នៅ​ក្នុង​ពិធីបុណ្យ Eid ដែល​តាម​ប្រពៃណី​ពួកគេ​ត្រូវ​ទៅ​លេង​ផ្ទះ។

 

ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក Joko Widodo បាន​ថ្លែង​ក្នុង​សុន្ទរកថា​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ថា៖ «ខ្ញុំ​យល់​ថា យើង​ទាំង​អស់​គ្នា​នឹក​សាច់ញាតិ​របស់​យើង​ក្នុង​ពេលវេលា​បែប​នេះ ជាពិសេស​នៅ​ក្នុង​ពិធីបុណ្យ Eid។ ប៉ុន្តែ​សូម​រួម​គ្នា​ផ្តល់​អាទិភាព​ដល់​សុវត្ថិភាព​របស់​យើង​ទាំង​អស់​គ្នា តាមរយៈ​ការ​មិន​ទៅ​ស្រុក​កំណើត​របស់​យើង»។

 

ទោះបីជា​មាន​ការ​ហាមឃាត់​ស្រដៀង​គ្នា​នេះ​កាលពី​ឆ្នាំ​មុន​ក៏ដោយ ក៏​ចំនួន​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​នៅ​ឥណ្ឌូណេស៊ី​បាន​កើនឡើង ៣៧% ក្នុង​រយៈពេល ៣ សប្តាហ៍​ក្រោយ​ពេល​ពិធីបុណ្យ​នោះ​បាន​បញ្ចប់។ លំនាំ​ស្រដៀង​គ្នា​នេះ​បាន​កើតឡើង​ក្រោយ​ពិធីបុណ្យ​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​នេះ។ ប្រទេស​ឥណ្ឌូណេស៊ី​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ រហូត​ដល់ ១ លាន ៧ សែន​ករណី និង​ករណី​ស្លាប់​ជាង ៤៧.៦០០ ករណី។

 

អភិបាល​ក្រុង​ហ្សាការតា​ក៏​បាន​បញ្ជា​ឲ្យ​មាន​ការ​បិទ​ទ្វារ​ចំពោះ​ផ្សារទំនើប ភោជនីយដ្ឋាន និង​កន្លែង​លំហែ​កម្សាន្ត​ផ្សេងៗ ដែល​ជា​ទូទៅ​មាន​មនុស្ស​ច្រើន​ក្នុង​ពេល​មាន​ពិធីបុណ្យ។

 

អ្នកស្រី Maysa Andriana អ្នក​រស់នៅ​ក្នុង​ទីក្រុង​ហ្សាការតា បាន​និយាយ​ថា ដោយ​មិន​មាន​ការ​ប្រមូល​ផ្តុំ​គ្នា​ថ្វាយ​បង្គំ​សាសនា​នៅ​ព្រះវិហារ​ឥស្លាម មិន​មាន​ការ​ជួបជុំ​គ្រួសារ និង​មិន​មាន​សាច់ញាតិ​ចែក​កាដូ និង​នំ​ឃុគឃី (cookies) ដល់​ក្មេងៗ «ពិធីបុណ្យ Eid មិន​មែន​ជា​ពិធីបុណ្យ​ដ៏​អធិកអធម​ទៀត​នោះ​ទេ។ ការ​រាតត្បាត​ជំងឺ​កូវីដ១៩ បាន​ផ្លាស់ប្តូរ​អ្វីៗ​ទាំង​អស់។ ...ពិតជា​គួរ​ឱ្យ​ស្តាយ​មែន»។

 

នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ហ្វីលីពីន ការ​ផ្ទុះ​ឡើង​នូវ​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩ និង​ការ​ប្រយុទ្ធ​គ្នា​ថ្មីៗ​រវាង​កងកម្លាំង​រដ្ឋាភិបាល​និង​ក្រុម​បះបោរ​ឥស្លាម​នៅ​ក្នុង​ខេត្ត​មួយ​បាន​រារាំង​មិន​ឲ្យ​ប្រជាពលរដ្ឋ​រៀបចំ​ការ​ថ្វាយ​បង្គំ​សាសនា​ឥស្លាម​ទ្រង់ទ្រាយ​ធំ​ជា​សាធារណៈ។ ផ្ទុយ​ទៅ​វិញ មនុស្ស​ភាគ​ច្រើន​បាន​ពួន​សម្ងំ​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន។ ចំណែក​ឯ​នៅ​ក្នុង​ខេត្ត Maguindanao វិញ គ្រួសារ​ជា​ច្រើន​ដែល​បាន​ភៀស​ខ្លួន​ដោយសារតែ​ការ​វាយប្រហារ​ថ្មីៗ បាន​ប្រារព្ធ​ពិធីបុណ្យ​នេះ​នៅ​ក្នុង​ជំរំ​ជន​ភៀសខ្លួន។

 

នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី លោក​នាយករដ្ឋមន្ត្រី Muhyiddin Yassin បាន​ប្រកាស​ដោយ​មិន​រំពឹង​ទុក​ជា​មុន​អំពី​ការ​រាំង​ខ្ទប់​នៅ​ទូទាំង​ប្រទេស​ម្តង​ទៀត​ចាប់ពី​ថ្ងៃ​ទី ១២ ខែ​ឧសភា ដល់​ថ្ងៃ​ទី ៧ ខែ​មិថុនា ដើម្បី​ទប់ស្កាត់​ការ​កើនឡើង​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩។ ការ​ធ្វើ​ដំណើរ​ឆ្លង​រដ្ឋ​និង​សកម្មភាព​សង្គម​ទាំង​អស់​ត្រូវ​បាន​ហាមឃាត់។ ករណី​នេះ​មាន​ន័យ​ថា ដូច​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ដែរ អ្នក​កាន់​សាសនា​ឥស្លាម​មិន​អាច​ទៅ​លេង​សាច់ញាតិ ឬ​ទៅ​ផ្នូរ​របស់​សមាជិក​គ្រួសារ​បាន​ទេ។

 

លោក Muhyiddin បាន​ទទួល​ស្គាល់​ថា មនុស្ស​ជាច្រើន​ខឹង​នឹង​ការ​រាំង​ខ្ទប់​នេះ ប៉ុន្តែ​លោក​បាន​ការពារ​ភាព​ចាំបាច់​ដែល​តម្រូវ​ឲ្យ​មាន​វិធានការ​ភ្លាមៗ​នេះ ដោយ​បាន​និយាយ​ថា មន្ទីរពេទ្យ​នានា​ស្ទើរតែ​មិន​អាច​ទទួល​អ្នក​ជំងឺ​បាន​តទៅទៀត៕

ប្រភពៈ VOA