(ភ្នំពេញ)៖ ក្នុងពិធីជួបពិភាក្សាការងារ កាលពីរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកបណ្ឌិត Ratnakar Adhikari នាយកប្រតិ បត្តិ នៃក្របខណ្ឌពង្រឹង សមាហរណកម្ម (EIF) និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្របខណ្ឌពង្រឹងសមាហរណកម្ម ដែលតែងតែផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់កម្ពុជា តាមរយៈគម្រោងនានាដែលមានគោលដៅអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មនៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ពីសារៈសំខាន់នៃជំនួយពាណិជ្ជកម្ម ក្នុងការបង្កើន ឱកាសពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ច របស់ប្រទេសអភិវឌ្ឍន៍តិចតួច រួមទាំងកម្ពុជាផងដែរ។ ហើយ សមិទ្ធិផលសំខាន់ៗដែលសម្រេចបានកន្លងមកក្នុង រយៈពេលជាង ១០ឆ្នាំ តាមរយៈការអនុវត្តគម្រោង ដែលទទួលបានការគាំទ្រពីក្របខណ្ឌពង្រឹងសមាហរណកម្ម ដោយក្នុងនោះ រួមមាន៖ គម្រោង EIF Tier 1, កម្មវិធីការធ្វើពិពិធកម្ម និងពង្រីកការនាំចេញ (CEDEP I), CEDEP II, កម្មវិធីគាំទ្រដល់និរន្តរភាព (SSP), យុទ្ធសាស្រ្តសមាហរណកម្ម ពាណិជ្ជកម្មកម្ពុជា (CTIS) 2019-23, យុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, និងគម្រោង Go4eCAM ដែលបាននិងកំពុងអនុវត្តដោយក្រសួងពាណិជ្ជកម្ម។
ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងអំពីសំណូមពរលើកិច្ចការ សំខាន់ៗដែលក្របខណ្ឌ ពង្រឹងសមាហរណកម្ម អាចចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្មនៅកម្ពុជាបន្ថែមទៀត ក្នុងនោះរួមមាន ការពង្រីកវិសាលភាពនៃគម្រោង Go4eCAM ការអភិវឌ្ឍសមត្ថភាពពាក់ព័ន្ធ នឹងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការធ្វើបច្ចុប្បន្នភាពឯកសារយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា និងការត្រៀមចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍតិចតួចរបស់កម្ពុជា៕