យោងតាមសារព័ត៌មាន Bloomberg កាលពីថ្ងៃទី៣១ខែឧសភាមហាសេដ្ឋី Elon Musk បានវ៉ាដាច់នាយកប្រតិបត្តិ LVMH លោក Bernard Arnault ដើម្បីដណ្តើមតំណែងជាមហាសេដ្ឋីបំផុតរបស់ពិភពលោក។ ទ្រព្យសម្បត្តិសុទ្ធរបស់Muskត្រូវបានប៉ាន់ប្រមាណថាមានចំនួន១៩២ពាន់លានដុល្លារដែលច្រើនជាង៥ពាន់លានដុល្លារជាងArnault ។ក្នុងអំឡុងពេលនៃការជួញដូរនៅថ្ងៃទី៣១ខែឧសភានៅក្នុងប្រទេសបារាំងតម្លៃភាគហ៊ុនរបស់LVMHបានធ្លាក់ចុះ២.៦%ខណៈដែលភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានកើនឡើងច្រើនជាង១% ។យោងតាមអ្នកសេដ្ឋកិច្ច កំណើននៃវិស័យទំនិញប្រណិតកំពុងធ្លាក់ចុះដោយសារតែស្ថានភាពសេដ្ឋកិច្ចពិភពលោកប្រែប្រួលដែលបណ្តាលឱ្យតម្លៃភាគហ៊ុនរបស់ LVMH ធ្លាក់ចុះយ៉ាងខ្លាំង។ក្នុងទីផ្សារសំខាន់របស់ប្រទេសចិន ស្ថានភាពអាជីវកម្មទំនិញប្រណីតក៏ប្រឈមនឹងការលំបាកជាច្រើនដែរ។ចាប់តាំងពីខែមេសា ឆ្នាំ ២០២៣តម្លៃភាគហ៊ុនរបស់ LVMH បានធ្លាក់ចុះប្រហែល១០% ។ ត្រឹមថ្ងៃទី២៣ខែឧសភាលោកArnaultបានឃើញការធ្លាក់ចុះដ៏ធំបំផុតនៃទ្រព្យសម្បត្តិសុទ្ធរបស់លោកដោយបានបាត់បង់ច្រើនជាង១១ពាន់លានដុល្លារក្នុងមួយថ្ងៃ។ទន្ទឹមនឹងនេះដែរតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គីសនី Tesla បានកើនឡើង៦៦% ចាប់តាំងពីដើមឆ្នាំ២០២៣ដោយផ្តល់ឱ្យ Musk នូវទឹកប្រាក់បន្ថែមចំនួន៥៥.៣ពាន់លានដុល្លារ។ ក្នុងអំឡុងពេលដូចគ្នានេះ លោក Arnault បានដាក់ហោប៉ៅតែ ២៤,៥ ពាន់លានដុល្លារប៉ុណ្ណោះ។ភាគហ៊ុនTeslaបង្កើតបានប្រហែល៧០%នៃទ្រព្យសម្បត្តិសុទ្ធរបស់ Musk ។នៅខែធ្នូ ឆ្នាំ២០២២ មហាសេដ្ឋី Bernard Arnault បានវ៉ាដាច់ Elon Musk ក្លាយជាអ្នកមានបំផុតនៅលើពិភពលោក។នៅពេលនោះ ការរីកដុះដាលនៃការលក់ទំនិញប្រណីតបន្ទាប់ពីជំងឺរាតត្បាតបានជំរុញតម្លៃភាគហ៊ុនរបស់LVMH៕ពុតសាម៉ាត់