Alynana Media Cambodia
Icon Collap
clinic narit

ក្រុមហ៊ុនអចលនទ្រព្យយក្ស Evergrande របស់ចិន ដាក់ពាក្សសុំការការពារក្ស័យធននៅអាម៉េរិក

Media LNN | Aug 19, 2023
ក្រុមហ៊ុនអចលនទ្រព្យយក្ស Evergrande របស់ចិន ដាក់ពាក្សសុំការការពារក្ស័យធននៅអាម៉េរិក
Clinic narith

នៅថ្ងៃទី១៧ ខែសីហា ក្រុមហ៊ុន China Evergrande Group ដែលធ្លាប់ជាក្រុមហ៊ុនអចលនទ្រព្យធំទីពីររបស់ចិន​ បានដាក់ពាក្យសុំការការពារការក្ស័យធននៅអាម៉េរិក ខណៈដែលវិស័យអចលនទ្រព្យនៅចិនកំពុងជួបវិបត្តិធ្ងន់ធ្ងរ។

ក្រុមហ៊ុន​ Evergrande បានដាក់ពាក្យក្រោមជំពូកទី១៥ នៃច្បាប់ការពារការក្ស័យធនរបស់អាម៉េរិក។ ជំពូកនេះ នឹងអនុញ្ញាតឱ្យតុលាការអាម៉េរិកឈានជើងចូលនៅពេលដែលមានករណីក្ស័យធនពាក់ព័ន្ធនឹងប្រទេសមួយផ្សេងទៀត។
ព័ត៌មានដែល Evergrande បានដាក់ពាក្យសុំការការពារការក្ស័យធនបានកើតឡើងស្របពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា បញ្ហាវិស័យអចលនទ្រព្យនៅចិនអាចរីករាលដាលដល់ផ្នែកផ្សេងទៀតនៃសេដ្ឋកិច្ចរបស់ប្រទេសនេះ នៅពេលដែលកំណើនបានធ្លាក់ចុះ។

​នៅក្នុងលិខិត​ដែលបានដាក់នៅ​តុលាការក្នុងរដ្ឋ​ New York ក្រុមហ៊ុន Evergrande បាន​អះអាង​ថា ខ្លួន​កំពុង​ស្វែង​រក​ការ​ចរចា​ដើម្បី​រៀបចំ​រចនាសម្ព័ន្ធ​ក្រុមហ៊ុន​ឡើង​វិញ​នៅ​ក្នុង​ទីក្រុង​ហុងកុង កោះ Cayman និង​កោះ British Virgin ។ 

ក្រៅពី Evergrande ក៏មានក្រុមហ៊ុនអចលនទ្រព្យចិនផ្សេងទៀតបានជួបវិបត្តិតាំងពីពាក់កណ្តាលឆ្នាំ ២០២១ ។ មូលហេតុត្រូវបានគេនិយាយថាជាគោលនយោបាយបន្ទាត់ក្រហមបីរបស់ទីក្រុងប៉េកាំងដែលបានចាប់ផ្តើមដើម្បីកាត់បន្ថយហានិភ័យជាប្រព័ន្ធដោយកំណត់លទ្ធភាពរបស់ក្រុមហ៊ុនអចលនទ្រព្យក្នុងការខ្ចីប្រាក់ថ្មី។

បច្ចុប្បន្ន​​ Evergrande មានបំណុលសរុបប្រហែល ២៤៣៧ពាន់លានយ័ន (៣៤០ពាន់លានដុល្លារ) ដែលស្មើនឹង ២ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ចិន។

តាមពិតទៅ Evergrande ធ្លាប់បានសងបំណុលរបស់ខ្លួននៅឆ្នាំ២០២១ ដែលបង្កឱ្យមានវិបត្តិអចលនទ្រព្យនៅចិន ដែលបានអូសបន្លាយរហូតមកដល់បច្ចុប្បន្ន។ កាល​ពី​ពាក់​កណ្តាល​ខែ​មុន ក្រុមហ៊ុននេះ​​បាន​ប្រកាស​ពី​ការ​ខាត​បង់​ចំនួន ៨១​ពាន់​លាន​ដុល្លារ ​ក្នុង​រយៈ​ពេល​ពីរឆ្នាំ ​គឺនៅឆ្នាំ​២០២១ និង​២០២២៕