ភ្នំពេញ៖ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រកាសគាំទ្រដល់ប្រទេសកម្ពុជាលើការវាយតម្លៃប្រព័ន្ធគ្រប់គ្រងស្បៀងអាហារថ្នាក់ជាតិ ដើម្បីធ្វើឱ្យប្រសើរឡើងនូវសុខភាពសាធារណៈ និងការប្រកួតប្រជែងក្នុងពាណិជ្ជកម្មប្រព័ន្ធស្បៀងអាហារ។
ការប្រកាសនេះធ្វើឡើងក្នុងជំនួបរវាងលោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (CARD) និងលោកស្រី Rebekah Bell តំណាងអង្គការ FAO ប្រចាំកម្ពុជានាថ្ងៃទី ៦ ខែមេសា ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងសកម្មភាពរួមគ្នានាពេលខាងមុខ។
ក្នុងជំនួបនោះ លោកស្រី Bell បានអបអរសាទរដល់ប្រទេសកម្ពុជាដែលសម្រេចបាននូវលទ្ធផលគួរឱ្យកត់សម្គាល់ដូចជាការរីកចម្រើនដ៏សំខាន់លើការលើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ ការកាត់បន្ថយភាពក្រីក្រ និងជាពិសេស ការឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងជោគជ័យជាមួយការចាក់វ៉ាក់សាំងរបស់ប្រជាជនកម្ពុជា។
លោកស្រីប្រកាសថា៖ «ការងារសំខាន់ថ្មីរបស់អង្គការ FAO គឺការផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់រដ្ឋាភិបាលកម្ពុជាដើម្បីធ្វើការវាយតម្លៃបឋមលើការគ្រប់គ្រងស្បៀងអាហារថ្នាក់ជាតិ និងប្រព័ន្ធសុវត្ថិភាពស្បៀងអាហារ ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេលប៉ុន្មានខែខាងមុខ ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីសហភាពអឺរ៉ុប»។
លោកស្រី Bell ថ្លែងថា ខណៈដែលកម្ពុជាកំពុងឈានឆ្ពោះដើម្បីក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ កម្ពុជាមានតម្រូវការប្រព័ន្ធផលិតកម្មកសិកម្ម និងស្បៀងអាហារ ដើម្បីបំពេញតាមស្តង់ដាស្បៀងអាហារអន្តរជាតិ ដែលធ្វើឱ្យកម្ពុជាបង្កើនឱកាសនាំចេញ។
លោកស្រីថ្លែងថា៖ «ការពង្រឹងប្រព័ន្ធគ្រប់គ្រងស្បៀងអាហារនឹងធ្វើឱ្យប្រសើរឡើងនូវសុខភាពសាធារណៈ និងការប្រកួតប្រជែងក្នុងពាណិជ្ជកម្មប្រព័ន្ធស្បៀង ដោយផ្តល់ឱកាសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅ»។
លោកស្រី Bell ថ្លែងថា៖ «ចំពោះការវាយតម្លៃនេះ យើងនឹងមិនត្រឹមតែទទួលបានអនុសាសន៍សម្រាប់អនុវត្តសកម្មភាពប៉ុណ្ណោះទេ ប៉ុន្តែយើងអាចចាប់ផ្តើមរៀបចំផែនការវិនិយោគដើម្បីឱ្យយើងអាចប្រែក្លាយអនុសាសន៍ទាំងនោះឱ្យក្លាយជាការពិត»។
គួរបញ្ជាក់ថា ការវាយតម្លៃនេះនឹងអនុវត្តតាមវិធីសាស្ត្រកសិដ្ឋាន បទប្បញ្ញត្តិ និងលិខិតបទដ្ឋានគតិយុត្ត ការអនុវត្ត ការកែច្នៃចំណីអាហារ ទីផ្សារ និងគ្រប់មធ្យោបាយទាំងអស់ចំពោះគុណភាពអាហារ និងអាហារូបត្ថម្ភ។
ក្នុងជំនួបនោះ លោក យឹម ឆៃលី បានលើកឡើងពីលទ្ធផលសំខាន់ៗ និងវឌ្ឍនភាពដែលសម្រេចបាន ដោយសារការដឹកនាំ និងការសម្របសម្រួលរបស់ CARD ប្រកបដោយប្រសិទ្ធភាព ដោយមានការគាំទ្រពីក្រសួងជំនាញ និងដៃគូអភិវឌ្ឍន៍ផ្សេងៗ រួមទាំង អង្គការ FAO ផងដែរ។
លោកថ្លែងថា លោកគាំទ្រយ៉ាងខ្លាំងចំពោះគំនិតផ្តួចផ្តើមនេះ ព្រោះវាមានសារៈសំខាន់ណាស់សម្រាប់កម្ពុជា។
ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសជាង ១៤០ ផ្សេងទៀត ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលប្រព័ន្ធស្បៀងអាហារសកលរបស់អង្គការសហប្រជាជាតិកាលពីឆ្នាំមុន ហើយបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពតាមរយៈដំណោះស្រាយប្រព័ន្ធស្បៀងអាហារ។
អង្គការ FAO បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី ៦ ខែមេសា ថា ប្រទេសកម្ពុជាបានដាក់ចេញនូវផែនទីបង្ហាញផ្លូវសម្រាប់ប្រព័ន្ធស្បៀងអាហារក្នុងការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ ២០៣០ ដោយបានណែនាំការវិនិយោគរបស់ប្រទេសកម្ពុជា ដើម្បីសម្រេចបាននូវចក្ខុវិស័យប្រព័ន្ធស្បៀងអាហារឆ្នាំ ២០៣០ ដែលផ្តោតលើការផ្តល់នូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់ប្រជាជនទាំងអស់។
អង្គការ FAO បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាន ថា សន្តិសុខស្បៀង និងអាហារូបត្ថម្ភ គឺជាបញ្ហាដ៏ស្មុគស្មាញ និងមានបញ្ហាប្រឈមជាច្រើន ដើម្បីសម្រេចបាននូវសន្តិសុខស្បៀង និងការធ្វើឱ្យប្រសើរឡើងនូវអាហារូបត្ថម្ភនៅកម្ពុជា។ ផ្នែកខ្លះទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាពីអ្នកពាក់ព័ន្ធ។ ផ្នែកផ្សេងទៀត គឺជាបញ្ហាប្រឈមពហុវិស័យស្មុគស្មាញ ដែលទាមទារឱ្យមានសកម្មភាពរួមគ្នា និងការសម្របសម្រួល៕