ព្រឹត្តិការណ៍បើកឆាកដ៏អស្ចារ្យរបស់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ ឬ FIFA World Cup 2022 ត្រូវបានធ្វើឡើងនៅកីឡដ្ឋាន Al Bayt កាលពីម្សិលមិញ ដោយរួមបញ្ចូលជាមួយនឹងការបាញ់កាំជ្រួច ការច្រៀងរាំ និងការសម្តែងនានាដែលផ្អែកលើវប្បធម៌នៃប្រទេសម្ចាស់ផ្ទះកាតា។
យោងតាមសារព័ត៌មាន Al Jazeera កម្មវិធីនេះ មានរយៈពេលត្រឹមតែ៣០នាទីប៉ុណ្ណោះ ដែលមានការចូលរួមសម្តែងពីសំណាក់តារាល្បីៗ ក្រុមរាំជាតិ និងអន្តរជាតិ ក៏ដូចជាតារាហូលីវូដ លោក Morgan Freeman តារា K-pop Jungkook និងតារាចម្រៀងកាតា លោក Fahad Al Kubaisi ជាដើម។ យ៉ាងណាមិញ កម្មវិធីបើកឆាកត្រូវបានបញ្ចប់ទៅវិញដោយការបាញ់កាំជ្រួចដ៏ស្រស់ស្អាតចំពីលើកីឡដ្ឋាន Al Bayt តែម្តង។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ ដែលគ្រប់គ្នាបានទន្ទឹងអស់រយៈពេល៤ឆ្នាំមកហើយនោះ នឹងត្រូវបញ្ចប់នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ខាងមុខ នៅពេលមានការប្រកួតវគ្គផ្តាច់ព្រ័ត្រក្នុងកីឡដ្ឋាន Lusail៕