Alynana Media Cambodia
Icon Collap
clinic narit

នៅក្នុងត្រីមាសទី១ឆ្នាំ២០២៤នេះ Ford ដំឡើងរថយន្តបានជិត១ពាន់គ្រឿង តែទីផ្សារលក់ហាក់មានការថយចុះ

Media LNN | Apr 23, 2024
នៅក្នុងត្រីមាសទី១ឆ្នាំ២០២៤នេះ Ford ដំឡើងរថយន្តបានជិត១ពាន់គ្រឿង តែទីផ្សារលក់ហាក់មានការថយចុះ
Clinic narith

នៅក្នុងត្រីមាសទី១ឆ្នាំ២០២៤នេះ រោងចក្រផ្គុំ និងដំឡើងរថយន្ត ហ្វត នៅក្នុងខេត្តពោធិ៍សាត់ ដំឡើងរថយន្តបានជិត១ពាន់គ្រឿង សម្រាប់ដាក់លក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា។ ថ្នាក់ដឹកនាំក្រុមហ៊ុន RMA Cambodia បានវាយតម្លៃថា ការប្រើប្រាស់រថយន្តថ្មីរបស់ប្រជាពលរដ្ឋនៅកម្ពុជានៅមានសក្តានុពលខ្ពស់។ ជាក់ស្តែងរថយន្តហ្វតនៅតែទទួលបានការគាំទ្រ និងពេញនិយមសម្រាប់អ្នកប្រើប្រាស់ ហើយលោកជឿជាក់ថា ទីផ្សាររថយន្តថ្មីនឹងទទួលបានការគាំទ្រច្រើនជាងរថយន្តជជុះនាពេលអនាគតដ៏ខ្លីខាងមុខ។

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia បានគូសបញ្ជាក់ប្រាប់ថា គិតចាប់ពីខែមករា ដល់ខែមីនា រោងចក្ររថយន្ត Ford ដំឡើងរថយន្តថ្មីប្រភេទ ភីកអាប់ និង SUV បានចំនួនជិត១ពាន់គ្រឿង។ តែយ៉ាងណាលោកអះអាងថា ការលក់រថយន្តនៅត្រីមាសទី១ឆ្នាំនេះហាក់មានការថយចុះបរិមាណបន្តិច បើធៀបនឹងការលក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារកត្តាសេដ្ឋកិច្ច។ យ៉ាងណាក៏ដោយលោកជឿជាក់ថា ទីផ្សារប្រើប្រាស់រថយន្តថ្មីនៅកម្ពុជានឹងមានការកើនឡើងកាន់តែច្រើននាពេលខាងមុខ ដោយសារបច្ចុប្បន្នតម្លៃរថយន្តថ្មីប្រហាក់ប្រហែលនឹងរថយន្តជជុះ ស្របពេលអ្នកប្រើប្រាស់ភាគច្រើនមានការយល់ដឹងកាន់តែច្រើនពីអត្ថប្រយោជន៍ និងសុវត្ថិភាពនៃការប្រើប្រាស់រថយន្តថ្មី។

​គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៣ ការនាំចូល និងការលក់រថយន្តរបស់ក្រុមហ៊ុន RMA Cambodia នៅកម្ពុជា មានការធ្លាក់ចុះបន្តិចបន្តួចបើធៀបនឹងឆ្នាំ២០២២។ ទោះបីការលក់មានការធ្លាក់ចុះក៏ពិតមែន តែលោក ងន សាំង អះអាងថា ទីផ្សាររថយន្តថ្មីរបស់ក្រុមហ៊ុន RMA Cambodia នៅតែឈរកំពូលតារាងដោយបានក្តោបចំណែកទីផ្សារជាង៥០% នៃការលក់រថយន្តថ្មីសរុបនៅកម្ពុជា។ ពាក់ព័ន្ធនឹងស្ថានភាពទីផ្សាររថយន្តនេះដែរ សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា ជឿជាក់ថា ចាប់ពីឆ្នាំ២០២៤នេះតទៅ ការប្រើប្រាស់រថយន្តជជុះនឹងមាននិន្នាការថយចុះជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈការប្រើប្រាស់រថយន្តថ្មីនឹងកើនឡើងជាបន្តបន្ទាប់៕