ក្រុមហ៊ុន ហ្វក់ខុន បានចេញសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានសម្រេចចិត្តថានឹងមិនបន្តការរក់ស៊ីបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន វេដានតា ទៅមុខទៀតទេ ប៉ុន្តែក្រុមហ៊ុននេះក៏មិនបានបញ្ជាក់ពីមូលហេតុនៃការផ្ដាច់ការរកស៊ីនេះដែរ។
ក្រុមហ៊ុន ហ្វក់ខុន បាននិយាយថា ខ្លួនបានធ្វើការជាមួយក្រុមហ៊ុនរបស់ឥណ្ឌានេះអស់រយៈពេលជាងមួយឆ្នាំមកហើយ ដើម្បីនាំយក«គំនិតនៃការផលិតបន្ទះឈីបដ៏អស្ចារ្យមួយឱ្យចេញជាការពិត»ប៉ុន្តែភាគីទាំងពីរបានព្រមព្រៀងគ្នាថាបិទបញ្ចប់ការបណ្តាក់ទុនរួមគ្នានៅត្រឹមនេះ ហើយក្រុមហ៊ុន ហ្វក់ខុន នឹងដកឈ្មោះរបស់ខ្លួនចេញពីស្ថាប័នមួយដែលឥឡូវកំពុងគ្រប់គ្រងទាំងស្រុងដោយក្រុមហ៊ុន វេដានតា។ក្រុមហ៊ុន វេដានតា បាននិយាយថា ខ្លួនបានប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះគម្រោងផលិតបន្ទះគ្រឿងចម្លងអគ្គិសនីក្នុងកុំព្យូទ័រ និងបាន«រៀបចំក្រុមហ៊ុនដៃគូផ្សេងទៀត ដើម្បីបង្កើតរោងចក្រផលិតបន្ទះឈីបដំបូងបង្អស់របស់ប្រទេសឥណ្ឌា។ ក្រុមហ៊ុន វេដានតា បានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានបង្កើនការប្រឹងប្រែងរបស់ខ្លួនឡើងវិញដើម្បីបំពេញចក្ខុវិស័យលោក ម៉ូឌី។
ប្រភពដែលដឹងពីបញ្ហានេះបាននិយាយថា ការព្រួយបារម្ភអំពីការពន្យារពេលអនុម័តកញ្ចប់លើកទឹកចិត្តរបស់រដ្ឋាភិបាលឥណ្ឌា បានរួមចំណែកដល់ការសម្រេចចិត្តរបស់ក្រុមហ៊ុន ហ្វក់ខុន ក្នុងការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនេះ។ ប្រភពដដែលបានបន្ថែមថា ទីក្រុងញូវដែលីបានចោទជាសំណួរជាច្រើន ទាក់ទងនឹងការប៉ាន់ប្រមាណតម្លៃ ដែលត្រូវស្នើសុំការលើកទឹកចិត្តពីរដ្ឋាភិបាល។
លោក ម៉ូឌីបានដាក់ការផលិតបន្ទះឈីបជាអាទិភាពកំពូលសម្រាប់យុទ្ធសាស្រ្តសេដ្ឋកិច្ចរបស់ឥណ្ឌាក្នុងការស្វែងរក«យុគសម័យថ្មី»សម្រាប់ការផលិតគ្រឿងអេឡិចត្រូនិក ហើយការផ្លាស់ប្តូររបស់ក្រុមហ៊ុនហ្វក់ខុននេះបានបង្ហាញពីបរាជ័យចំពោះមហិច្ឆតារបស់លោកក្នុងការទាក់ទាញវិនិយោគិនបរទេសឱ្យផលិតបន្ទះសៀគ្វីកុំព្យូទ័រនៅក្នុងស្រុកជាលើកដំបូង។
លោក នែល សា (Neil Shah) អនុប្រធានផ្នែកស្រាវជ្រាវ ខោនធឺផញ់ (Counterpoint) បាននិយាយថា ការដកខ្លួនរបស់ក្រុមហ៊ុនតៃវ៉ាន់នេះគឺពិតជាបរាជ័យមួយសម្រាប់ការជំរុញគោលនយោបាយ«ផលិតក្នុងប្រទេសឥណ្ដា (Make in India) ហើយថា វាមិនត្រឹមតែឆ្លុះបញ្ចាំងពីផលអវិជ្ជមានដល់ក្រុមហ៊ុន វេដានតា តែប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងចោទជាបញ្ហានិងចម្ងល់សម្រាប់ក្រុមហ៊ុនផ្សេងៗទៀតផងដែរ៕