Alynana Media Cambodia
Icon Collap
clinic narit

ព្រះករុណា ព្រះមហាក្សត្រ ស្តេចយាងទៅបំពេញព្រះរាជទស្សនកិច្ចនៅខេត្ត Fujian ប្រទេសចិន

Media LNN | Dec 19, 2023
Clinic narith

 

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​ក​ម្ពុជា​ សព្វព្រះរាជហឫទ័យ ស្តេចយាង​ចាកចេញ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី១៩ធ្នូ ដើម្បីស្តេចយាងទៅបំពេញព្រះរាជទស្សនកិច្ចរយៈពេល ៣ថ្ងៃនៅខេត្ត Fujian នៃ​សាធារណរដ្ឋប្រជាមានិតចិន។

អញ្ជើញថ្វាយព្រះរាជដំណើរ ព្រះករុណា ព្រះមហាក្សត្រ ដល់អាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ មានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស​ក្រុម​ឧត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ មានឋានៈស្មើនាយករដ្ឋមន្ត្រី. សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ មានឋានៈស្មើនាយករដ្ឋមន្ត្រី ព្រម​ទាំង​វត្ត​មាន​សម្តេច​ ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី ព្រះរាជវង្សានុវង្ស និង មន្ត្រីអ្នកមុខ អ្នកការនៃរាជរដ្ឋាភិបាលមួយចំនួនទៀត។

យោងតាមព្រះរាជសារដែលឡាយព្រះហត្ថលេខាកាលពីថ្ងៃទី១៨ធ្នូ របស់ព្រះករុណាព្រះ​បាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូន​ជន​រួម​ជាតិ មានព្រះរាជខ្លឹមសារថា ព្រះអង្គសូមព្រះអនុញ្ញាត និងអនុញ្ញាតពីសម្តេចព្រះមហាសង្ឃរាជ ទាំង​ពីរ​គណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗជនរួមជាតិទាំងអស់ អវត្តមានពីមាតុប្រទេស នៅ​ថ្ងៃ​ទី១៩-២០-២១ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីយាងបំពេញព្រះរាជទស្សនកិច្ចនៅខេត្ត Fujian នៃ​សាធារណរដ្ឋប្រជាមានិតចិន ។

នៅក្នុងឱកាសអវត្តមានរបស់ព្រះអង្គ សម្តេចវិបុល សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹង​ទទួល​ជួយព្រះអង្គក្នុងឋានៈជា ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ។

ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក៏ បានថ្វាយ​ព្រះ​ពរ​ចំពោះ​សម្តេច​ព្រះ​មហា​សង្ឃ​រាជ​ទាំងពីរគណៈ សូមប្រគេនពរព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសូមជូនពរ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជន​រួម​ជាតិ​ទាំង​អស់ សូមបានប្រកប តែនឹងព្រះពុទ្ធពរគ្រប់ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀង​ឃ្លាត​ឡើយ​។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជា-ចិន គឺជាទំនាក់ទំនងជាយុទ្ធសាស្រ្តមួយ ដែលកើតចេញ និង​រីក​ចម្រើនឡើងជាលំដាប់ ដោយកត្តាប្រវត្តិសាស្រ្ត ភូមិសាស្រ្តនយោបាយ និង សេដ្ឋកិច្ច ហើយ​ក៏​ជាកត្តាដែលទាញភ្ជាប់ប្រទេសទាំងពីរឱ្យ​ខិតរកគ្នា​ដែល​ផ្តល់​នូវ​ផល​ប្រយោជន៍​ជា​ច្រើន​ឱ្យ​គ្នា​ទៅ​វិញទៅមក ហើយតាមរយៈព្រះរាជទស្សនកិច្ចរបស់ព្រះករុណា ព្រះមហាក្សត្រ​ខ្មែរ​ទៅ​កាន់​ខេត្ត​Fujian នៃសាធារណរដ្ឋប្រជាមានិតចិននៅពេលនេះនឹងនាំមកនូវផ្លែផ្កាជាវិជ្ជមាន នៃកិច្ចសហប្រតិបត្រិការលើវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម កាន់តែ​រីក​ចម្រើន​បន្ថែម​ទៀត៕