ប្រទេសឥណ្ឌា កំពុងរៀបចំកិច្ចប្រជុំទេសចរណ៍ G20 ដ៏សំខាន់មួយនៅតំបន់កាស្មៀរ ចំពេលមានការរឹតបន្តឹងសន្តិសុខ និងការជំទាស់ពីសំណាក់ប្រទេសចិន។
កិច្ចប្រជុំក្រុមការងារនេះ កំពុងធ្វើឡើងនៅទីក្រុង Srinagar ចាប់ពីថ្ងៃចន្ទទី២២ខែឧសភា ដល់ថ្ងៃពុធទី២៤ខែឧសភា។
នេះគឺជាព្រឹត្តិការណ៍អន្តរជាតិដ៏ធំបំផុត ដែលរៀបចំនៅក្នុងតំបន់កាស្មៀរ ចាប់តាំងពីប្រទេសឥណ្ឌា បានលុបចោលឋានៈពិសេសរបស់ខ្លួនក្នុងឆ្នាំ២០១៩។
គណៈប្រតិភូជាង៦០នាក់ មកពីប្រទេសសមាជិក G20 ត្រូវបានគេរំពឹងថានឹងចូលរួមព្រឹត្តិការណ៍នេះ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសចិននិយាយថា ខ្លួននឹងមិនចូលរួមឡើយ ដោយលើកឡើងពីការប្រឆាំងយ៉ាងម៉ឺងម៉ាត់របស់ខ្លួន ចំពោះការរៀបចំកិច្ចប្រជុំ G20 ណាមួយនៅក្នុងទឹកដីដែលមានជម្លោះ។
ទាំងឥណ្ឌា និងប៉ាគីស្ថាន គឺសុទ្ធតែទាមទារយកតំបន់កាស្មៀរទាំងស្រុង ប៉ុន្តែប្រទេសទាំងពីរ គ្រប់គ្រងតែផ្នែកខ្លះប៉ុណ្ណោះ ខណៈប្រទេសជិតខាងដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរទាំង២ បានប្រយុទ្ធគ្នាក្នុងសង្គ្រាមចំនួនពីរលើករួចមកហើយ។
កាលពីខែមេសា ប៉ាគីស្ថានដែលមិនមែនជាសមាជិក G20 បានរិះគន់សេចក្តីសម្រេចរបស់ឥណ្ឌា ក្នុងការរៀបចំកិច្ចប្រជុំនៅតំបន់កាស្មៀរ ដោយហៅថាជាទង្វើមិនទទួលខុសត្រូវ។
យ៉ាងណាក្តី ឥណ្ឌានិយាយថា វាគឺជាធម្មជាតិ ក្នុងការរៀបចំព្រឹត្តិការណ៍ និងកិច្ចប្រជុំ G20 នៅ កាស្មៀរ និង Ladakh ដែលជាផ្នែកមួយដ៏សំខាន់ និងមិនអាចកាត់ផ្តាច់បានរបស់ប្រទេស៕