ភ្នំពេញ៖ ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការគាំទ្រនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អាល្លឺម៉ង់ក្នុងវិស័យកសិកម្មនៅប្រទេសកម្ពុជា និងការផ្សព្វផ្សាយគោលការណ៍ណែនាំសម្រាប់នាំចេញផ្លែឈើស្រស់ទៅកាន់ប្រទេសចិន» នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ នេះ នាយកទីភ្នាក់ងារអភិវឌ្ឍអាល្លឺម៉ង់ GIZ ប្រចាំកម្ពុជា ចាប់អារម្មណ៍ជុំវិញសក្តានុពលវិស័យកសិកម្មកម្ពុជា ព្រមទាំងបានបង្ហាញការគាំទ្រ និងជំរុញដល់ការនាំចេញកសិផលកសិកម្មទាំងនោះទៅកាន់ទីផ្សារអន្តរជាតិ និងជាពិសេសទីផ្សារចិនផងដែរ។
លោក Günter Riethmacher នាយក GIZ បានឲ្យដឹងថា លទ្ធផលនៃកិច្ចសហប្រតិបត្តិការរបស់ GIZ ជាមួយកម្ពុជា ពិតជាឆ្លើយតបទៅនឹងអភិក្រម «រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍» ក្នុងការរួមចំណែកបង្កើនផលិតភាព ពិពិធកសិកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម។
លើសពីនេះ កិច្ចសហការនេះបានរួមចំណែកលើកស្ទួយវិស័យកសិកម្ម ធានាសន្តិសុខស្បៀង ការកាត់បន្ថយភាពក្រីក្រ អភិវឌ្ឍន៍ជនបទប្រកបដោយចីរភាព និងបរិយាប័ន្ន និងជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ជាពិសេសគឺយុទ្ធសាស្រ្តស្តារ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងការ រស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីឆ្នាំ២០២១-២០២៣។
ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន បានលើកឡើងថា ការផ្សព្វផ្សាយគោលនយោបាយជាយុទ្ធសាស្រ្តសម្រាប់ធ្វើការនាំចេញកសិផលកម្ពុជាជូនដល់គ្រប់ភាគីពាក់ព័ន្ធឲ្យកាន់តែទូលំទូលាយ ជាពិសេសវិធានការអនាម័យ និងភូតគាមអនាម័យ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិ។
លោកបញ្ជាក់ទៀតថា នេះគឺជាសមិទ្ធផលថ្មីមួយទៀតដែលកើតចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងភាគីកម្ពុជា ជាមួយ GIZ ហើយលោកសង្ឃឹមថាផ្តើមចេញពីសិក្ខាសាលានេះ ផលិតផលកសិកម្មកម្ពុជានឹងមានវត្តមាននៅលើទីផ្សារអន្តរជាតិ កាន់តែច្រើនថែមទៀត ជាពិសេសទីផ្សារប្រទេសចិន។
ដោយឡែកអគ្គនាយកដ្ឋានកសិកម្ម លោក ងិន ឆាយ បានឲ្យដឹងថា សក្តានុពលផ្លែឈើត្រូពិចកម្ពុជាសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារចិន តម្រូវឲ្យមានភូតគាមអនាម័យសម្រាប់ការនាំចេញ និងលក្ខខណ្ឌ ឬគោលការណ៍ចាំបាច់មួយចំនួនទៀតដែលតម្រូវឲ្យក្រុមហ៊ុននាំចេញបំពេញ។
បច្ចុប្បន្នកម្ពុជាទទួលបានសិទ្ធិនាំចេញនូវផ្លែចេក និងស្វាយទៅកាន់ទីផ្សារប្រទេសចិន ខណៈមៀន និងតាង៉ែនកំពុងស្ថិតក្នុងដំណាក់ការពិនិត្យភូតគាមអនាម័យ៕