(វ៉ាស៊ីនតោន)៖ សមាជិកព្រឹទ្ធសភាចំនួន១៦រូបមកពីគណបក្សធំទាំង២នៅក្នុងសហរដ្ឋអាមេរិក បានស្នើឱ្យរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន ធ្វើការ ពិចារណាឡើងវិញយ៉ាងប្រុងប្រយ័ត្ន ចំពោះសំណើរបស់អ៊ុយក្រែន ដែលចង់បានយន្ដហោះដ្រូនប្រយុទ្ធ Gray Eagle យកទៅធ្វើសង្រ្គាមជាមួយរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។
មកទល់នឹងបច្ចុប្បន្ន រដ្ឋបាលលោក បៃដិន នៅតែបន្តច្រានចោលសំណើរបស់អ៊ុយក្រែន សម្រាប់យន្ដហោះដ្រូន Gray Eagle ដែលជាប្រភេទយន្ដហោះ ដ្រូនប្រយុទ្ធមានសមត្ថភាពហោះក្នុងរយៈកម្ពស់ ៨,៨០០ម៉ែត្រ និងអាចហោះបានក្នុងរយៈពេលច្រើនជាង២៤ម៉ោង។ ការបដិសេធនេះធ្វើឡើងដោយ សំអាងលើការព្រួយបារម្ភខ្លាចក្រែងថាយន្ដហោះដ្រូននេះត្រូវបានបាញ់ទម្លាក់ និងអាចធ្វើឱ្យសង្រ្គាមផ្ទុះឡើងកាន់តែធំ។
នៅក្នុងលិខិតមួយច្បាប់របស់ខ្លួន សមាជិកព្រឹទ្ធសភាអាមេរិកទាំង ១៦រូប បានទុកពេលឱ្យរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន រហូតដល់ ថ្ងៃទី៣០ ខែវិច្ឆិកា ដើម្បីពន្យល់ថាតើហេតុអ្វីបានជាមន្ទីរបញ្ចកោណជឿថាការផ្ដល់យន្ដហោះដ្រូន មិនមែនជាយុទ្ធសាស្រ្តល្អសម្រាប់សង្រ្គាមអ៊ុយក្រែន។
គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី នៅថ្ងៃអង្គារសប្ដាហ៍នេះ បានអំពាវនាវរកជំនួយបន្ថែម ជាមួយការអះអាងថារុស្ស៉ីកំពុង ប្រើប្រាស់រដូវរងា ជាអាវុធបំផ្លិចបំផ្លាញទ្រង់ទ្រាយធំតាមរយៈការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន។ អ៊ុយក្រែនបានស្នើឱ្យ សហរដ្ឋអាមេរិក បញ្ជូនយន្ដហោះដ្រូនមកឱ្យខ្លួន នៅក្រោយរុស្ស៉ីបង្កើនការប្រើប្រាស់យន្ដហោះដ្រូនអត្តឃាតនៅក្នុងសង្រ្គាមអ៊ុយក្រែន៕