Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជាស្នើឱ្យ​អាមេរិក​បន្ត​សុពលភាព​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP

Media LNN | Aug 04, 2023
កម្ពុជាស្នើឱ្យ​អាមេរិក​បន្ត​សុពលភាព​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP
Clinic narith

ភ្នំពេញៈ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ស្នើឱ្យ​ប្រធាន​គណៈកម្មាធិការ​ស្តីពី​របៀប និង​មធ្យោបាយ​នៃ​សភា​អាមេរិក ស្នើ​ទៅ​សភា​អា​មេ​រិ​ក​ដើម្បី​ពិចារណា​ពី​ការបន្ត​សុពលភាព​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ ​(GSP)​ ឡើងវិញ​សម្រាប់​កម្ពុជា ដែលជា​វិធានការ​មួយ ដើម្បី​រក្សា​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ក៏ដូចជា​ជំរុញ​ការ​វិ​និ​យោគ​រវាង​ប្រទេស​ទាំង ​២​។​

​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ (GSP)​ បាន​អស់​សុពលភាព​តាំងពី​ថ្ងៃទី​ ៣១ ខែធ្នូ ឆ្នាំ ២០២០ ហើយ​មិនទាន់​ត្រូវបាន​បន្ត​ឡើងវិញ​ឡើយ ខណៈ​វិស័យ​ឯកជន​កំ​ពុង​រង់ចាំ​ការសម្រេចចិត្ត​ពី​សភា​អាមេរិក​។​

​ការអំពាវនាវ​របស់​លោក ប៉ាន សូរ​ស័ក្តិ បាន​ធ្វើឡើង​ក្នុងជំនួប​ជាមួយ​លោក Jason Smith ប្រធាន​គណៈកម្មាធិការ​ស្តីពី​របៀប និង​មធ្យោបាយ​នៃ​សភា​អាមេរិក ដែល​ដឹកនាំ​សមាជិក​សភា​អាមេរិក​ចំនួន ៧​ រូប​ផ្សេងទៀត ជាមួយ​លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី​ ២ ខែ​សីហា នៅ​ទីស្តីការក្រសួង​។​

​លោក សូរ​ស័ក្តិ បាន​ប្រាប់​ទៅកាន់​ប្រតិភូ​អាមេរិក​អំពី​ដំណើរ​ការបោះឆ្នោតជាតិ​ដោយ​រលូន ដែល​រៀបចំឡើង​នៅ​កម្ពុជា នៅ​ថ្ងៃទី​ ២៣ ខែកក្កដា និង​ពី​វឌ្ឍន​ភាព​នៃ​ប្រទេស​កម្ពុជា​ ក្នុងការ​ពង្រីក​ទីផ្សារ​នាំចេញ​នៅ​ឆ្នាំនេះ​រួមទាំង​ការអនុវត្ត​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ក្នុង​តំ​បន់ និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី ព្រមទាំង​ការ​កែលម្អ​បរិយាកាស​វិនិយោគ ដើម្បី​ទាក់ទាញ​ការវិនិយោគ​កាន់តែច្រើន​។​

​លោក សូរ​ស័ក្តិ ត្រូវបាន​ស្រង់​សម្ដី​ដោយបាន​លើកឡើងថា​៖ «​យើង​ស្នើឱ្យ​សភា​អាមេរិក​បន្ត​សុពលភាព​ប្រព័ន្ធ GSP ឡើងវិញ ពិសេស​សម្រាប់​ទំនិញ​មួយចំនួន ដូចជា​សម្លៀកបំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើដំណើរ ជាដើម ដោយសារតែ​ការបន្ត​សុពលភាព​ប្រព័ន្ធ GSP ឡើងវិញ​នឹង​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ​២ និង​ផ្ដល់​ផលចំណេញ​ឱ្យ​គ្នា​ទៅវិញទៅមក​»​។​

 

​លោក​ក៏​អំពាវនាវ​ឱ្យ​ក្រុមហ៊ុន​អាមេរិក​មក​បណ្ដាក់ទុន​នៅ​កម្ពុជា​ឱ្យបាន​ច្រើន​បន្ថែមទៀត ដើម្បី​កាត់បន្ថយ​ឱនភាព​ពា​ណិ​​ជ្ជ​កម្ម​រវាង​ប្រទេស​ទាំង ២ ក៏ដូចជា​ដើម្បី​ទាញយក​ផល​ចំ​ណេ​ញ​ពីគ្នា​ទៅវិញទៅមក​។​

​រដ្ឋលេខាធិការ​ក្រសួង​ពា​ណិ​​ជ្ជ​កម្ម លោក ប៉ែន សុ​វិជាតិ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍ ​កាលពី​ថ្ងៃទី​ ៣ ខែសីហា​ថា កម្ពុជា​មិនមែនជា​ប្រទេស​តែមួយគត់​ដែល​រង់​ចាំ​ការបន្ត​សុពលភាព​នៃ GSP ​ឡើងវិញ​ពី​អាមេរិក​នោះទេ ប៉ុន្តែ​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ជាច្រើន​ផ្សេងៗ​ទៀតផង​ដែរ​។ លោក​បន្តថា ការពន្យារពេល​នៃ​ការបន្ត​សុពលភាព​ឡើងវិញ​នេះ កម្ពុជា​បាន​បង់ពន្ធ​ជា​ទៀង​ទាត់​លើ​ការនាំចេញ​ទំនិញ​ធ្វើ​ដំណើរ​ទៅ​អាមេរិក​។​

​លោក​អះអាងថា​៖ «​ប្រទេស​កម្ពុជា ​រួមជាមួយ​បណ្ដា​ប្រទេស LDCs ផ្សេងទៀត​កំពុង​ជំរុញ​ឱ្យ​សភា​អាមេរិក​ពិចារណា​ការបន្ត​សុពលភាព GSP ឡើងវិញ​សម្រាប់​ពួកយើង​»​។​

​កម្ពុជា និង​អាមេរិក​បាន​ដោះ​ដូរ​ទំនិញ​ដែលមាន​តម្លៃ ៨,៥១ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ១១ ​ខែ​នៃ​ឆ្នាំ​ ២០២៣ កើន​ឡើង ២១,៧៩​ ភាគរយ ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​​មុន​ជាមួយ​ការនាំចេញ​របស់​កម្ពុជា​ទៅ​ប្រទេស​មាន​សេដ្ឋកិច្ច​ធំជាងគេ​ក្នុង​ពិភពលោក​មួយ​នេះ មាន​ចំណែក ៩៦,៥៦​ ភាគ​រយ​។ នេះ​បើតាម​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា​។​

​អំឡុង​ខែមករា ដល់​ខែវិច្ឆិកា​ការនាំចេញ​របស់​កម្ពុជា​មានតម្លៃ ៨,២១៨ ​ពាន់​លាន​ដុល្លារ កើនឡើង ២៣,០១ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​​ពី​ឆ្នាំ ២០២១ និង​ការ​នាំចូល​មានតម្លៃ ២៩២,៧៩ ​លាន​ដុ​ល្លារ ធ្លាក់ចុះ ៤,៧៨ ​ភាគរយ​។​ អតិរេក​ពាណិជ្ជកម្ម​របស់​កម្ពុជា​ជាមួយ​អាមេរិក​ក្នុង​រយៈពេល ១១ ខែ បាន​កើនឡើង​ ២៤,៣៥ ភាគរយ​ពី ៦,៣៧​ ពាន់​លាន​ដុល្លារ​ដល់ ៧,៩២​ ពាន់​លាន​ដុល្លារ​។​

​អាមេរិក​ជា​ប្រទេស​ដែល​ទិញ​ទំនិញ​ពី​ប្រទេស​កម្ពុជា ​ច្រើនជាងគេ​ដែល​បង្កើត​ចំណែក​ទីផ្សារ ៤០,១៧​ ភាគរយ​ នៃ​ទឹកប្រាក់​សរុប​ចំនួន ២០,៤៥ ពាន់​លាន​ដុល្លារ ខណៈ​ការនាំ​​ចេញ​របស់​អាមេរិក​ម​ក​កម្ពុជា មាន​ចំណែក ១,០៦​ ភាគរយ​នៃ​ទឹកប្រាក់​សរុប ២៧,៧៤​ ពាន់​លាន​ដុល្លារ​៕