(រីយ៉ាដ)៖ អាជ្ញាធរក្នុងប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអាទិត្យ ទី២៣ ខែមិថុនា បានឱ្យដឹងថាមនុស្ស ១៣០១នាក់បានស្លាប់ អំឡុងការធ្វើធម្មយាត្រានៃពិធីបុណ្យ Hajj នៅឆ្នាំ២០២៤នេះ ក្នុងទីក្រុង Mecca ក្រោមសីតុណ្ហភាពដ៏ក្ដៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
តាមរដ្ឋមន្ត្រីសុខាភិបាលអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ ហ្វាហាដ ប៊ីន អាប់ឌុលរ៉ស់ម៉ាន អាល់ចាឡាហ្សែល (Fahd bin Abdurrahman Al-Jalajel) ៨៣ភាគរយ នៃអ្នកស្លាប់ទាំង ១៣០១នាក់ គឺជាអ្នកធ្វើធម្មយាត្រាដោយគ្មានការអនុញ្ញាត និងមិនបានចុះបញ្ជីឈ្មោះត្រឹមត្រូវ ដោយពួកគេបានដើរយ៉ាងឆ្ងាយក្រោមសីតុណ្ហភាពក្ដៅខ្លាំងឡើងដល់ ៥១.៨អង្សាសេ ដើម្បីអនុវត្ត ការធ្វើធម្មយាត្រា Hajj នៅក្នុង និងនៅជុំវិញទីក្រុង Mecca ជាទីក្រុងដ៏ពិសិដ្ឋសម្រាប់សាសនិកអ៉ីស្លាម។
ថ្លែងប្រាប់ទូរទស្សន៍រដ្ឋ អាល់អឹកបារីយ៉ា (Al Ekhbariya) រដ្ឋមន្ត្រីសុខាភិបាលអារ៉ាប៊ីសាអូឌីត បានបញ្ជាក់ទៀតថាអ្នកធ្វើធម្មយាត្រា ៩៥នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសម្រាក ព្យាបាល ហើយក្នុងចំណោមពួកគេ មានអ្នកខ្លះត្រូវបានដឹកតាមផ្លូវអាកាសទៅកាន់មន្ទីរពេទ្យក្នុងទីក្រុងរីយ៉ាដ។ លោករដ្ឋមន្ត្រីក៏បានបន្ថែមដែរថានីតិវិធីកំណត់អត្តសញ្ញាណមានការយឺតយ៉ាវ ដោយសារតែអ្នកដែលបានស្លាប់ភាគច្រើន មិនមានឯកសារបញ្ជាក់អត្តសញ្ញាណ។ អ្នកដែលស្លាប់ត្រូវបានបញ្ចុះនៅក្នុងទីក្រុង Mecca។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរអារ៉ាប៊ីសាអូឌីត អ្នកដែលបានស្លាប់ក្នុងការធ្វើធម្មយាត្រា Hajj នៅក្នុងឆ្នាំនេះគឺមកពីប្រទេសចំនួន១០ រួមមានសហរដ្ឋអាមេរិក ឥណ្ឌា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងអេហ្ស៉ីបជាដើម ហើយក្នុងនោះអេហ្ស៉ីបមានអ្នកធ្វើធម្មយាត្រាស្លាប់ច្រើនជាងគេជាង ៦៦០នាក់៕