ស្រាបៀរ Heineken ជាក្រុមហ៊ុនផលិតស្រាបៀរដ៏ធំលំដាប់ទីពីររបស់ពិភពលោក បានព្យាករណ៍ពីកំណើនប្រាក់ចំណេញរបស់ខ្លួននៅឆ្នាំ ២០២៣ នេះ បើទោះបីការធ្លាក់ចុះការលក់នៅទីផ្សារអឺរ៉ុបក៏ដោយ។
បើយោងតាមរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន ទីផ្សារអាស៊ីអាគ្នេយ៍ ជាពិសេស ប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង ប្រទេសវៀតណាម បានរក្សាកំណើនការលក់គួរកត់សំគាល់ ដែលរំពឹងទុកពីការកើនឡើងប្រាក់ចំណេញខ្ពស់ ក្រោយវិបត្តិកូវីត ១៩ ។
ក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសហូឡង់ និងមានស្រាបៀរ ម៉ាក Tiger និង Sol បាននិយាយថា ប្រាក់ចំណេញប្រតិបត្តិការនឹងរក្សារកំណើនប្រាក់ចំណេញ ប៉ុន្តែនៅអត្រាទាប នៅឆ្នាំ ២០២៣ ដែលឆ្លុះបញ្ចាំងការសន្សំថ្លៃដើម ការប្រឈមមុខនឹងការធ្លាក់ចុះសេដ្ឋកិច្ច និង ការប្រើប្រាស់របស់អតិថិជនធ្លាក់ចុះនៅទីផ្សារមួយចំនួន។
លោក Dolf van den Brink នាយកប្រតិបត្តិក្រុមហ៊ុនបាននិយាយថា ការលក់ស្រាបៀរនៅ តំបន់ អឺរ៉ុប បានបន្តងើបឡើងវិញយ៉ាងឆាប់រហ័ស ជាមួយនឹងការកើនឡើងនៅត្រីមាសទីបួន កាលពីឆ្នាំមុន។ ប៉ុន្តែតម្លៃស្រាបៀរនៅតែបន្តកើនឡើង ដោយសារតែ ការកើនឡើងតម្លៃថាមពល នៅតំបន់អឺរ៉ុប ដែលជាមូលហេតុសំខាន់ធ្វើអោយទំហំការលក់នឹងធ្លាក់ចុះនៅឆ្នាំ ២០២៣ នេះ។
ក្រុមហ៊ុនស្រាបៀរ នឹងស្វែងរកកាត់បន្ថយថ្លៃដើម ដោយប្រើប្រាស់ការសន្សំទៅលើការចំណាយផ្សេងៗគ្នា។ ជាកស្តែងការចំណាយថ្លៃដើមបានកើតឡើង ជាសកលប្រមាណ ១០ ភាគរយ។
ក្រុមហ៊ុនសាបៀរ Heineken បាននិយាយប្រាក់ចំណេញ ប្រតិបត្តិការ បានកើនឡើង ២៤ ភាគរយ ដែលគិតជាទឹកប្រាក់ប្រមាណ ៤.៨ ពាន់លានដុល្លារនៅឆ្នាំ ២០២២ នេះបើប្រៀបធៀបនឹងការព្យាករណ៍របស់ខ្លួន ដែលមានប្រមាណ ៤.៤៣ ពាន់លានដុល្លារ។ ជាងនេះទៀត ក្រុមហ៊ុនរំពឹងទុកថា នឹងរក្សាបាននូវអតិរេក ទឹកប្រាក់ប្រមាណ ២ ពាន់លានដុល្លារ នៃគោលដៅការសន្សំថ្លៃដើមរបស់ខ្លួន។
បើយោងតាមរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន បានលើកឡើងថា ក្រុមហ៊ុនស្រាបៀរលំដាប់ពិភពលោក បានរក្សាកំណើននៃការលក់របស់ខ្លួនកើនឡើង ៦.៩ ភាគយ នៅឆ្នាំ ២០២២ ជាមួយនឹងតម្លៃលក់កើនឡើងខ្លាំង ជាពិសេសទីផ្សារអាស៊ី ដែលគ្រប់ដណ្តប់មួយភាគបី បន្ទាប់ពីការបើកប្រទេសឡើងវិញ ដោយសារវិបត្តិកូវីត ១៩៕