ក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្វាយចន្ទីកម្ពុជា នឹងត្រៀមរៀបចំសន្និសីទស្វាយចន្ទីពិភពលោកឆ្នាំ២០២៤ រយៈពេលបីថ្ងៃនៅលើទឹកដីអង្គរខេត្តសៀមរាប នៅដើមឆ្នាំ២០២៤ ដើម្បីបង្កើតជំនួបអ្នកធ្វើការ និងរកស៊ីពាក់ព័ន្ធនឹងវិស័យស្វាយចន្ទីទាំងជាតិ និងអន្តរជាតិ បានស្វែងយល់ពីសក្តានុពលវិស័យស្វាយចន្ទី និងការដាំដំណាំនេះនៅកម្ពុជា ព្រមទាំងជំរុញនិងទាក់ទាញវិនិយោគិន ដែលមានបំណងវិនិយោគ លើការកែច្នៃស្វាយចន្ទី។
យោងតាមសហព័ន្ធស្វាយចន្ទីកម្ពុជា សន្និសីទនេះ នឹងមានអ្នកចូលរួមប្រមាណជាង ៥០០នាក់មកពី៤០ប្រទេស នៅលើពិភពលោក ដែលសុទ្ធសឹងជាអ្នកធ្វើការ និងរកស៊ីក្នុង
វិស័យស្វាយចន្ទី ដូចជាអ្នកកែច្នៃ អ្នកដាំដុះ អ្នកនាំចេញ និងអ្នកលក់ឧបករណ៍កែច្នៃ និងវេចខ្ចប់ស្វាយចន្ទីជាដើម។សហព័ន្ធស្វាយចន្ទីកម្ពុជា រួមជាមួយក្រសួងពាណិជ្ជកម្ម នឹងសហការជាមួយប្រតិភូសន្និសីទស្វាយចន្ទីពិភពលោក ដើម្បីរៀបចំសន្និសីទនេះ ឱ្យកាន់តែកាន់តែរលូន។
តាមរយៈការរៀបចំសន្និសីទស្វាយចន្ទីពិភពលោក ជាលើកដំបូងនៅកម្ពុជា សហព័ន្ធស្វាយចន្ទីកម្ពុជារំពឹងថា កម្ពុជានឹងទទួលបានអ្នកទទួលទិញផលិតផលស្វាយចន្ទីសម្រេចបន្ថែមទៀត មកពីប្រទេសធំទាំងនោះ។
កាលពីខែមិថុនា «គោលនយោបាយជាតិស្តីពីស្វាយចន្ទី ២០២២-២០២៧ » ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីបង្កើនផលិតភាព និងការប្រកួតប្រជែងនៃគ្រាប់ស្វាយចន្ទីរបស់កម្ពុជា ដែលជាដំណាំកសិឧស្សាហកម្មអាទិភាពមួយរបស់ប្រទេស។ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅទីស្តីការក្រសួង។
លោក ប៉ាន សូរស័ក្តិ ក៏មានសុទិដ្ឋិនិយមផងដែរថា “គោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ ២០២២-២០២៧” នឹងក្លាយជាផែនទីបង្ហាញផ្លូវ និងជាកម្លាំងចលករដ៏មានប្រសិទ្ធភាពសម្រាប់ការលើក កម្ពស់ផលិតភាពគ្រាប់ស្វាយចន្ទី និងការប្រកួតប្រជែងលើគុណភាពនិងបរិមាណ ការធ្វើពិពិធកម្ម ការកែច្នៃ ការនាំចេញ និងតម្លៃបន្ថែមដល់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងខ្សែច្រវ៉ាក់តម្លៃ ដើម្បីទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសកាន់តែច្រើន ដោយរក្សាទីផ្សារចាស់ និងស្វែងរកទីផ្សារថ្មីប្រកបដោយនិរន្តរភាពដែលនឹងបង្កើតឱកាសការងារ និងតម្លៃបន្ថែមក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រ កាត់បន្ថយការធ្វើចំណាកស្រុក និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឆ្នាំ២០២២ ដំណាំស្វាយចន្ទីគ្របដណ្តប់លើផ្ទៃដីដាំដុះចំនួន ៤៣៥.៧៣៣ ហិកតា ក្នុងនោះ ប្រមូលផលបាន ៣៣០.៨៦១ ហិកតា ផ្តល់ទិន្នផល ៥០៨.២៨៣ តោន។ គ្រាប់ស្វាយចន្ទីស្រស់ចំនួន ៤៧១.៥២០ តោន និងគ្រាប់ស្វាយចន្ទីកែច្នៃចំនួន ១.៥៥៧ តោន ត្រូវបាននាំចេញកាលពីឆ្នាំមុន៕