(ក្រុងម៉ារ៉ាកេស)៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានអំពាវនាវឱ្យប្រទេសនៅទូទាំងតំបន់មជ្ឈិមបូព៌ា និងអាហ្រ្វិកខាងជើង ឈប់ពឹងផ្អែកតែលើវិស័យជាក់លាក់ណាមួយនៅក្នុងសេដ្ឋកិច្ចក្នុងស្រុករបស់ខ្លូន ពោលគឺជាសំណើមួយក្នុងចំណោមសំណើពីរដែល IMF បាននិយាយថានឹងជួយជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។
លោកស្រី Kristalina Georgieva អគ្គនាយកមូលនិធិ IMF ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មាន Bloomberg ខណៈនិយាយកាលពីថ្ងៃអាទិត្យក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការធ្វើឱ្យមានភាពស្មើភាពគ្នារវាងក្រុមហ៊ុនសាធារណៈ និងឯកជន គឺជាអាទិភាពដ៏សំខាន់មួយ»។ លោកស្រីក៏បានជំរុញឱ្យមានជំនួយសង្គមប្រកបដោយប្រសិទ្ធភាពបន្ថែមទៀតនិងមានការកំណត់គោលដៅ ក៏ដូចជាការកែប្រែប្រព័ន្ធអប់រំ និងបណ្តុះបណ្តាល ដើម្បីបំពេញតាមតម្រូវការរបស់យុវជនប្រមាណ ១០០លាននាក់ដែលនឹងឈានចូលដល់អាយុធ្វើការក្នុងទសវត្សរ៍ខាងមុខ។
លោកស្រី Georgieva បានថ្លែងនៅពេលកិច្ចប្រជុំរបស់មូលនិធិ IMF និងធនាគារពិភពលោកនៅទីក្រុងម៉ារ៉ាកេស ប្រទេសម៉ារ៉ុក ដែលធ្វើឡើងជាលើកដំបូងនៅទ្វីបអាហ្រ្វិកក្នុងរយៈពេល ៥០ឆ្នាំថា៖ «ប្រទេសជាច្រើននៅក្នុងតំបន់នៅតែកំពុងតស៊ូដើម្បីធានាបាននូវឱកាសកាន់តែខ្លាំង និងកាន់តែស្មើភាពសម្រាប់ទាំងអស់គ្នា»។
មូលនិធិ IMF បានទម្លាក់ការព្យាកររបស់ខ្លួនចំពោះកំណើនសេដ្ឋកិច្ចនៅឆ្នាំនេះសម្រាប់តំបន់មជ្ឈិមបូព៌ា និងអាហ្រ្វិកខាងជើងមកត្រឹម ២% ពី ៣,១% ដោយលើកឡើងពីការកាត់បន្ថយផលិតកម្មប្រេងដែលបានធ្វើឱ្យមានផលប៉ះពាល់ដល់ប្រទេសដែលមានសេដ្ឋកិច្ចធំនានាក្នុងតំបន់ដូចជា អារ៉ាប៊ីសាអូឌីតជាដើម។
លោកស្រី Georgieva ក៏បានអំពាវនាវឱ្យមានការចូលរួមកាន់តែច្រើនរបស់ស្ត្រីនៅក្នុងកម្លាំងការងារ និងប្រើប្រាស់ការវិនិយោគបៃតងធ្វើជាម៉ាស៊ីននៃការបង្កើតការងារ។ លោកស្រីបានបន្តថា ប្រព័ន្ធពន្ធក្នុងតំបន់ក៏ប្រហែលជាត្រូវការរៀបចំឡើងវិញផងដែរ ដើម្បីពង្រីកមូលដ្ឋានពន្ធ និង «កាត់បន្ថយការបាត់បង់ពន្ធ»។
លោកស្រីបានបន្ថែមថា៖ «តាមរយៈការធ្វើការរួមគ្នា យើងអាចដោះស្រាយបញ្ហាប្រឈមចាស់ និងថ្មី និងកសាងអនាគតសម្រាប់តំបន់ដោយផ្អែកលើគំរូនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងបរិយាបន្ន»៕