ហេតុអ្វីបានជា IMF ហ៊ានព្យាករព្រមានកំណើនសេដ្ឋកិច្ចរបស់មហាយក្សចិននឹងកាន់តែថមថយទៅៗយ៉ាងដូច្នេះ? ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថា កំណើនសេដ្ឋកិច្ចរបស់មហាយក្សចិន ឆ្នាំ២០២៤ នេះ នឹងទទួលបានកំណើនត្រឹមតែ៥%ប៉ុណ្ណោះ មុននឹងបន្តរអិលធ្លាក់ដាំក្បាលចុះជាបន្តបន្ទាប់រហូតដល់ត្រឹម៣,៣% នៅក្នុងរយៈពេល៥ឆ្នាំទៀត។ មូលហេតុដែលជាដើមចមនៅក្នុងការទាញទម្លាក់កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសចិននេះ គឺដោយសារតែកំណើនប្រជាជនវ័យចំណាស់ និង ការពង្រីកផលិតភាពសេដ្ឋកិច្ចមានភាពយឺតយ៉ាវ។
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានអះអាងថា សេដ្ឋកិច្ចរបស់ចិន ត្រូវបានព្យាករថា នឹងមានកំណើនក្នុងរង្វង់ ៥% នៅឆ្នាំនេះ ពោលគឺប្រសើរជាងការព្យាករលើកមុន ដែលគេបានព្យាករថា មានត្រឹមតែ ៤,៦% ប៉ុន្តែកំណើនសេដ្ឋកិច្ច នឹងបន្តធ្លាក់ចុះជាបន្តបន្ទាប់នៅក្នុងរង្វង់ ៥ឆ្នាំខាងមុខ។
ការព្យាករថ្មីរបស់ស្ថាប័នអន្តរជាតិ ផ្តល់ប្រាក់កម្ចីសកលមួយនេះ បានកើតឡើងស្របពេលដែលទីក្រុងប៉េកាំង កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចខ្លួន ក្រោយពេលបានរអិលធ្លាក់ចុះ ដោយសារការប្រឈមមុខនឹងវិបត្តិអចលនទ្រព្យដែលបានអូសបន្លាយ និងឥទ្ធិពលនៃរលកការប្រកួតប្រជែងខាងភូមិសាស្រ្តនយោបាយ ។
IMF បានអះអាងថា នៅឆ្នាំ២០២៤នេះ កំណើនសេដ្ឋកិច្ចចិន មានស្ថានភាពវិជ្ជមាន ក៏ប៉ុន្តែនៅឆ្នាំ២០២៥ខាងមុខ វានឹងស្រុតចុះមកនៅត្រឹម ៤,៥% ហើយនឹងបន្តស្រុតចុះជាបន្តបន្ទាប់រហូតដល់ ៣,៣% នៅឆ្នាំ២០២៩ ខាងមុខ ដោយសារតែកំណើននៃចំនួនប្រជាជនវ័យចំណាស់ និងការពង្រីកផលិតភាពសេដ្ឋកិច្ចយឺត។
លោក ជីតា ហ្គោភីណាត ( Gita Gopinath) អនុប្រធានទីមួយរបស់ IMF បាននិយាយនៅទីក្រុងប៉េកាំងថា ការព្យាយាមធ្វើឱ្យប្រសើរឡើងនូវផលិតភាពនៃសេដ្ឋកិច្ចរបស់មហាយក្សចិន ឆ្លុះបញ្ចាំងជាចម្បងពីការពិតដែលថា កំណើនផលិតផលក្នុងស្រុកសរុបក្នុងត្រីមាសទី១ បានកើនឡើងខ្លាំងជាងការរំពឹងទុក ហើយមិនត្រឹមតែប៉ុណ្ណោះអាជ្ញាធរចិន បានដាក់ចេញនូវវិធានការគោលនយោបាយបន្ថែមមួយចំនួនដែលត្រូវបានប្រកាសកាលពីពេលថ្មីៗនេះ។
ពាក់ព័ន្ធនឹងបញ្ហាកំណើនចំនួនពលរដ្ឋមានវ័យចំណាស់នេះ អង្គការសុខភាពពិភពលោកបានអះអាងថា ប្រទេសចិន ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានប្រជាជនវ័យចំណាស់កើនលឿនបំផុតក្នុងពិភពលោក។
សូមរម្លឹកថា កាលពីឆ្នាំ២០១៩ ចិនមានប្រជាជនដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ មានតែ២៥៤លាននាក់ប៉ុណ្ណោះ ក៏ប៉ុន្តែនៅឆ្នាំ២០៤០ មានការប៉ាន់ប្រមាណថា ពលរដ្ឋដែលមានអាយុ ៦០ឆ្នាំឡើងនឹងមានរហូតដល់ទៅ ៤០២លាននាក់ ស្មើនឹង ២៨% នៃចំនួនប្រជាជនសរុប។ ការផ្លាស់ប្តូរប្រជាសាស្រ្តដ៏ធំនេះបានបង្ហាញពីបញ្ហាប្រឈមជាច្រើន សម្រាប់សុខភាពសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ២ លើពិភពលោកនេះ៕