Alynana Media Cambodia
Icon Collap
clinic narit

IMF ជំរុញឱ្យរដ្ឋាភិបាលស្រីលង្កាយកពន្ធលើអចលនទ្រព្យទុកចោល ដើម្បីបង្កើនចំណូល

Media LNN | Jun 18, 2024
IMF ជំរុញឱ្យរដ្ឋាភិបាលស្រីលង្កាយកពន្ធលើអចលនទ្រព្យទុកចោល ដើម្បីបង្កើនចំណូល
Clinic narith

មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) តាមរយៈរបាយការណ៍ចុងក្រោយរបស់ខ្លួនស្តីពីប្រទេសស្រីលង្កា បានជំរុញឱ្យរដ្ឋាភិបាលស្រីលង្កា ដែលកំពុងហ៊ុំព័ទ្ធដោយបំណុល យកពន្ធថ្មីលើប្រាក់ចំណូលនៃការជួលអគារលំនៅឋាន និងលំនៅឋានដែលទុកទំនេរចោល ហើយត្រូវដាក់កម្រិតលើការលើកលែង និងត្រូវបង្កើនអត្រាពន្ធជាបន្តបន្ទាប់។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានដេលីមីរ័រ (Daily Mirrors)។

មូលនិធិរូបិយវត្ថុអន្តរជាតិ ជំរុញឱ្យរដ្ឋាភិបាលស្រីលង្កា យកពន្ធថ្មីលើអចលនទ្រព្យដែលទុកទំនេរចោលចាប់ពីខែមេសា ឆ្នាំ២០២៥ ដើម្បីបង្កើនប្រាក់ចំណូលចូលថវិកាជាតិ ព្រោះ IMF យល់ថា ការយកពន្ធលើអចលនទ្រព្យបែបនេះមានសារៈសំខាន់ណាស់ក្នុងការរក្សានិរន្តរភាពនៃការកៀរគរប្រាក់ចំណូល ដើម្បីបន្ថែមលើផែនការប្រមូលចំណូលពន្ធលើអចលនទ្រព្យដែលបានគ្រោងទុកនៅឆ្នាំ២០២៥។

បន្ថែមលើនេះ IMF ស្នើឱ្យរដ្ឋាភិបាលដែនកោះមួយនេះ ត្រូវបង្កើតមូលដ្ឋានទិន្នន័យស្តីពីការវាយតម្លៃអចលនទ្រព្យរួមទាំងព័ត៌មានដូចជាតម្លៃអចលនទ្រព្យ កាលបរិច្ឆេទវាយតម្លៃចុងក្រោយ និងប្រភេទអចលនទ្រព្យនៅក្នុងក្រុមប្រឹក្សាក្រុងទាំងអស់នៅត្រឹមខែសីហា ឆ្នាំ២០២៤។

របាយការណ៍របស់មូលនិធិ IMF នេះក៏បានបញ្ជាក់ដែរថា វានៅតែមានភាពងាយរងគ្រោះ និងភាពមិនប្រាកដប្រជាសំខាន់ៗមួយចំនួនរួមទាំងការរៀបចំរចនាសម្ពន្ធបំណុលដែលកំពុងបន្ត និងការបោះឆ្នោតនាពេលខាងមុខ ហើយនាយកប្រតិបត្តិនៃមូលនិធិ IFM បានអំពាវនាវឱ្យអាជ្ញាធរបន្តពង្រឹងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ដើម្បីស្ដារស្ថិរភាពសេដ្ឋកិច្ច និងនិរន្តរភាពបំណុល និងរក្សាស្ថិរភាពសន្ទុះកំណែទម្រង់ដើម្បីជំរុញកំណើនជារួមសម្រាប់រយៈពេលវែង។

ក្រុមប្រឹក្សានាយកប្រតិបត្តិរបស់មូលនិធិ IMF បានបញ្ចប់ការពិគ្រោះយោបល់ និងការត្រួតពិនិត្យឡើងវិញលើកទី២ក្រោមមូលនិធិបន្ថែមរយៈពេល៤៨ខែ ដោយផ្តល់ឱ្យស្រីលង្កានូវលទ្ធភាពទទួលបានថវិកាសង្គ្រោះភ្លាមៗចំនួន៣៣៦លានដុល្លារ ដើម្បីគាំទ្រគោលនយោបាយ និងកំណែទម្រង់សេដ្ឋកិច្ចរបស់ខ្លួន៕