(វ៉ាស៊ីនតោន)៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងនៅសប្តាហ៍នេះថា ធនាគារកណ្តាលប្រទេសភាគច្រើននៅអាស៊ីត្រូវតែរឹតបន្តឹងគោលនយោបាយរូបិយវត្ថុបន្ថែមទៀត ខណៈការកើនឡើងតម្លៃទំនិញ និងការធ្លាក់ចុះតម្លៃរូបិយប័ណ្ណដែលជំរុញដោយការដំឡើងអត្រាការប្រាក់របស់អាមេរិកជាបន្តបន្ទាប់ជំរុញឱ្យអតិផរណាកើនខ្ពស់ជាងទិសដៅរបស់ប្រទេសទាំងនេះ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Krishna Srinivasan ប្រធាននាយកដ្ឋានអាស៊ី និងប៉ាស៊ីហ្វិករបស់មូលនិធិ IMF ថា ប្រទេសចិននិងជប៉ុនគឺជាករណីលើកលែង ជាទីដែលការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចមានភាពទន់ខ្សោយ ភាពយឺតយ៉ាវនៃកម្មភាពសេដ្ឋកិច្ចនៅតែមានខ្លាំង ហើយអតិផរណាមិនបានកើនឡើងខ្លាំងដូចនៅប្រទេសផ្សេងទៀតនោះទេ។
លោកបានមានប្រសាសន៍ថា រូបិយប័ណ្ណអាស៊ីជាច្រើនបានធ្លាក់ចុះថ្លៃ «យ៉ាងខ្លាំង» នៅពេលដែលការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុរបស់សហរដ្ឋអាមេរិកបាននាំឱ្យមានការកើនឡើងគម្លាតអត្រាការប្រាក់ ដែលជួយជំរុញថ្លៃដើមនាំចូលសម្រាប់ប្រទេសនានា។
លោក Srinivasan បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងអំឡុងពេលកិច្ចប្រជុំប្រចាំឆ្នាំរបស់មូលនិធិ IMF និងធនាគារពិភពលោកនៅទីក្រុងវ៉ាស៊ីនតោនថា៖ «ខណៈពេលដែលខ្សែបន្ទាត់គោលរបស់យើងគឺអតិផរណាត្រូវកើនឡើងដល់កម្រិតកំពូលនៅចុងឆ្នាំ ការថយចុះអត្រាប្តូរប្រាក់ខ្លាំងអាចនាំឱ្យមានអតិផរណាកាន់តែខ្ពស់ និងភាពរឹងទទឹងមិនធ្លាក់ចុះមកវិញកាន់តែខ្លាំង ជាពិសេសប្រសិនបើអត្រាការប្រាក់សកលកើនឡើងកាន់តែខ្លាំង ហើយតម្រូវឱ្យមានការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុកាន់តែលឿនជាងនៅក្នុងតំបន់អាស៊ី»។
លោក Srinivasan បានបន្ថែមថា ការធ្លាក់ថ្លៃរូបិយប័ណ្ណខ្លាំង និងការកើនឡើងអត្រាការប្រាក់ក៏អាចបង្កឱ្យមានភាពតានតឹងផ្នែកហិរញ្ញវត្ថុនៅក្នុងបណ្តាប្រទេសអាស៊ីដែលមានបំណុលខ្ពស់ផងដែរ។
លោកបានបន្តថា៖ «អាស៊ីឥឡូវជាកូនបំណុលធំជាងគេក្នុងពិភពលោក ក្រៅតែពីជាប្រទេសសន្សំប្រាក់ធំបំផុត ហើយប្រទេសមួយចំនួនមានហានិភ័យខ្ពស់នៃកើតមានវិបត្តិបំណុល»។
លោក Sanjaya Panth អនុប្រធាននាយកដ្ឋានអាស៊ី និងប៉ាស៊ីហ្វិករបស់មូលនិធិ IMF បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រក្នុងបទសម្ភាសមួយកាលពីថ្ងៃព្រហស្បតិ៍ថា ការកើនឡើងបំណុលរបស់អាស៊ីភាគច្រើនគឺប្រមូលផ្តុំនៅក្នុងប្រទេសចិន ប៉ុន្តែក៏មាននៅក្នុងប្រទេសផ្សេងទៀតផងដែរ។
ដោយចង្អុលបង្ហាញពីកម្រិតទាបនៃបំណុលខាងក្រៅរបស់ប្រទេសនៅអាស៊ី ប្រាក់បម្រុងរូបិយប័ណ្ណបរទេសខ្ពស់ និងប្រព័ន្ធហិរញ្ញវត្ថុដែលមានភាពធន់ លោក Sanjaya បានមានប្រសាសន៍ថា៖ «ទម្រង់នៃភាពតានតឹងទីផ្សារមួយចំនួនមិនអាចបដិសេធថាមិនមានបានទេ។ ប៉ុន្តែស្ថានភាពដ៏រឹងមាំនៃប្រទេសជាច្រើនផ្តល់ឱ្យយើងនូវភាពកក់ក្តៅ»៕