ប៉ាគីស្ថាន៖ ស្ថិតនៅក្នុងទីក្រុងឡាហ័រ (Lahore) អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោកអ៊ីមរ៉ានខាន់ (Imran Khan) បានបដិសេធថា លោកពិតជាមិនបានជាប់ពាក់ព័ន្ធនឹងករណីខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបាញ់សម្លាប់លើមេធាវីដែលកំពុងស្វែងរកដំណើរការបះបោរប្រឆាំងនឹងលោក ដូចការចោទប្រកាន់របស់អាជ្ញាធរនោះទេ ។
តាមរយៈការផ្សាយផ្ទាល់ (live) តាមបណ្តាញអ៊ីនធឺណិត លោកខាន់ (Khan) បានបដិសេធទាំងស្រុងចំពោះការចោទប្រកាន់នេះ ដោយបាននិយាយថាជាបណ្តុំរឿងរៀបចំដោយគូរប្រជែង ។ បន្ថែមពីនេះ លោកខាន់ បានលើកឡើងថា "ខ្ញុំត្រូវធ្វើដំណើរទៅកាន់រដ្ឋធានីអ៊ីស្លាម៉ាបាដនៅថ្ងៃស្អែក ដើម្បីគ្រាន់តែស្វែងរកការចរចានៅក្រៅឃុំជុំវិញការចោទប្រកាន់ចំនួន ១៦ ករណី ហើយតើរឿងរ៉ាវបែបនេះ ធ្លាប់កើតមានទៅលើថ្នាក់ដឹកនាំនយោបាយផ្សេងៗទៀតដែរឬទេ?"
អ្នកនាំពាក្យរដ្ឋាភិបាលខេត្តម្នាក់ឈ្មោះ បាបារ ខាន់ (Babar Khan) បានលើកឡើងថា លោកខាន់ (Khan) អាចប្រឈមមុខនឹងការចោទប្រកាន់ជាផ្លូវការ ប្រសិនបើករណីឃាតកម្មនេះឈានដល់ការកាត់ក្តីនៅពេលណាមួយ ។ ដំណាលគ្នានេះ មន្ត្រីនគរបាលកំពុងចុះបញ្ជីសំណុំរឿងរបស់លោកខាន់ ពាក់ព័ន្ធនឹង "ករណីឃាតកម្ម" បន្ថែមពីលើសំណុំរឿងចោទប្រកាន់ជាច្រើនផ្សេងទៀត ។
គួរបញ្ជាក់ថា មេធាវីដែលឃាតករមិនស្គាល់មុខបានបាញ់សម្លាប់ មានឈ្មោះថា អាប់ឌូរ រ៉ាហ្សាក់ (Abdur Razaq) បានដាក់ញត្តិទៅកាន់តុលាការ ដើម្បីស្វែងរកដំណើរការបះបោរប្រឆាំងនឹងលោកខាន់ (Khan) ពាក់ព័ន្ធនឹងការរំលាយរដ្ឋាភិបាល ក្រោយចាញ់ការបោះឆ្នោតបាត់បង់ទំនុកចិត្ត ។
បន្ថែមពីនេះ សមត្ថកិច្ចបានឱ្យដឹងថា លោកមេធាវី រ៉ាហ្សាក់ (Razaq) កំពុងធ្វើដំណើរទៅកាន់តុលាការ កាលពីថ្ងៃអង្គារ បន្តិចក្រោយមក ក៏មានខ្មាន់កាំភ្លើងម្នាក់បានជិះម៉ូតូតម្រង់មករកលោក រួចក៏បានបាញ់សម្លាប់លោកតែម្តង។
ដោយឡែក លោកស៊ីរ៉ាត់អាម៉េដ (Siraj Ahmad) ជាកូនប្រុសរបស់លោករ៉ាហ្សាក់ (Razaq) ហើយក៏ជាមេធាវីផងដែរនោះ បានថ្លែងប្រាប់សមត្ថកិច្ចថា "ជនមិនស្គាល់មុខបានបាញ់សម្លាប់ឪពុករបស់លោក អមដោយពាក្យមាឃងាយដោយអតីតនាយករដ្ឋមន្ត្រី" នេះបើយោងតាមរបាយការណ៍របស់កូនប្រុសជនរងគ្រោះ ស្ថិតនៅក្នុងដៃរបស់មន្ត្រីនគរបាល និងទទួលបានដោយភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) ។
ជុំវិញការចោទប្រកាន់ភ្លាមៗលើលោកខាន់បែបនេះ គេនៅមិនទាន់ដឹងច្បាស់នៅឡើយ ថាតើទំនាក់ទំនងរវាងខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ និងលោកខាន់ បានធ្វើឡើងតាំងពីពេលណា និងដោយរបៀបណានៅឡើយទេ ៕