ក្រុមហ៊ុនអវកាសជប៉ុន ispace បានបរាជ័យនៅក្នុងការប៉ុនប៉ងចុះចតលើដីភពព្រះចន្ទនៅព្រឹកថ្ងៃពុធទី ២៦ ខែមេសា ឆ្នាំ២០២៣នេះ ក្រោយមិនអាចភ្ជាប់ទំនាក់ទំនងជាមួយតួយានតាមផែនការកំណត់។
ispace ដែលជាក្រុមហ៊ុនឯកជនជប៉ុនដំបូងគេបង្អស់ គ្រោងប្រើតួយាន Hakuto-R Mission 1 lander សម្រាប់ការចុះចតនៅលើដីឋានព្រះច័ន្ទឲ្យបាននៅព្រឹកថ្ងៃពុធទី ២៦ ខែមេសានេះ ស្រាប់តែបានចេញសេចក្តីថ្លែងការណ៍ថា “បេសកកម្មនេះទំនងជាបរាជ័យហើយ” ព្រោះខ្លួននៅតែមិនអាចភ្ជាប់ទំនាក់ទំនងជាមួយតួយានបានប្រហែល ២៥ នាទីបន្ទាប់ពីការគ្រោងទុក។ ក្រុមហ៊ុនបានបន្តទៀតថា “ភាគរយនៃការចុះចតមិនសូវមានខ្ពស់ឡើយ វាពិបាក”ខណៈដែលវិស្វកររបស់ខ្លួនកំពុងធ្វើការស្វែងយល់រកពីមូលហេតុដើមចមនៃការបរាជ័យនេះ។
គួរឲ្យដឹងថា យានចុះចត M1 នេះត្រូវបានបាញ់បង្ហោះតាំងពីខែធ្នូឆ្នាំមុនមកម្ល៉េះចេញពី កន្លែងបាញ់ Cape Canaveral រដ្ឋ Florida សហរដ្ឋអាមេរិក តាមគ្រាប់រ៉ុក្កែត SpaceX។ លោក Takeshi Hakamada នាយកប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុន ispace បាននិយាយថា “ក្រុមហ៊ុនជឿជាក់ និងមិនបោះបង់រំពឹងទទួលបាននូវសារៈសំខាន់នៃបេសកកម្មនេះ ទទួលបានទិន្នន័យ និងបទពិសោធន៍យ៉ាងច្រើន បើទោះបីជាត្រូវបរាជ័យលើកនេះក៏ដោយ”៕