យោងតាមការចុះផ្សាយពីសារព័ត៌មាន LT បានបង្ហាញឲ្យដឹងថា មហាសេដ្ឋីចិន Jack Ma បានចាប់ផ្ដើមបណ្ដាក់ទុន ជាមួយក្រុមហ៊ុនបង្កើតថ្មី ដែលរកស៊ីនៅលើវិស័យនេសាទ និងកសិកម្មនៅប្រទេសចិន។ក្រុមហ៊ុនបង្កើតថ្មី ដែលទទួលបានការវិនិយោគពីសហស្ថាបនិកក្រុមហ៊ុន Alibaba គឺមានឈ្មោះថា 1.8 Meters Marine Technology (Zhejiang) Co ដែលមានទីតាំងនៅទីក្រុង Hangzhou ខេត្ត Zhejiang ជាមួយនឹងទំហំទឹកប្រាក់វិនិយោគសរុប ១១០លានយ៉ន់ ឬប្រមាណ ១៥លានដុល្លារ។ក្រុមហ៊ុនមួយនេះនឹងចាប់ផ្ដើមដំណើរការ ដោយការលក់ផលិតផលកសិកម្ម ទាំងការបោះដុំ និងលក់រាយ ក៏ដូចជាអភិវឌ្ឍន៍ប្រព័ន្ធថាមពលខ្យល់តាមឆ្នេរសមុទ្រផងដែរ។ជម្រាបបន្ថែមថា Jack Ma បានចាប់អារម្មណ៍ជាមួយនឹងគម្រោងនៃក្រុមហ៊ុនបង្កើតថ្មីនេះ ដោយសារមួយរយៈកាលចុងក្រោយ មហាសេដ្ឋីចិនរូបនេះបានបង្ហាញចំណាប់អារម្មណ៍ខ្លាំង ជាមួយនឹងវិស័យកសិកម្ម និងចំណីអាហារ ពោលអំឡុងពេលលោករស់នៅប្រទេសជប៉ុន Jack Ma បានរៀនសូត្រពីការនេសាទ និងការចិញ្ចឹមត្រីធូណា ខណៈពេលបំពេញទស្សនកិច្ចនៅប្រទេសថៃ លោកក៏បានទៅទស្សនាកសិដ្ឋានចិញ្ចឹមបង្គាថែមទៀត៕